អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាលកំពុងបន្តសកម្មភាពការពារបូណភាពទឹកដី និងពលរដ្ឋ តាមមធ្យោបាយសន្តិវិធី និងច្បាប់អន្តរជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ឱ្យដឹងថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកំពុងបន្ត សកម្មភាពឥតឈប់ឈរទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារបូណភាពទឹកដី និងប្រជាពលរដ្ឋ តាមមធ្យោបាយសន្តិវធី និងផ្អែកលើច្បាប់អន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ ដោយរម្លឹកឡើងវិញនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលធ្លាប់បានបញ្ជាក់ថា «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ដោយឈរលើការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកិច្ចការងារយ៉ាងសកម្ម ដោយឥតឈប់ឈរ និងដោយប្រទាក់ក្រឡាគ្នាទាំងក្នុងនិងក្រៅប្រទេស តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់កងកម្លាំងថៃ។
ឯកឧត្តមអ្នកនាំពាក្យបន្តថា ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជាទើបតែបានបញ្ជូនគណៈប្រតិភូមួយក្រុមទៀតដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដើម្បីទៅចូលរួមសម័យប្រជុំលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូចជាបំពេញបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ២ដល់ ទី៥ ខែមីនា ឆ្នាំ២០២៦។ គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជាបានជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធជាច្រើនដូចជា តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិក្នុងវិស័យនានា និងបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ជំនួបពិភាក្សាទាំងនោះផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងចែករម្លែកព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន និងសិទ្ធិផ្សេងៗទៀត ដោយក្នុងនោះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានជម្រាបជូនដៃគូសន្ទនាអំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់លើសិទ្ធិប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារការរារាំងដោយបន្លាលួស ទូរកុងតឺន័រ ឬការបំផ្លិចបំផ្លាញផ្ទះសម្បែង។
ឯកឧត្តមអ្នកនាំពាក្យបានរម្លឹកថា កាលពីចុងខែកុម្ភៈកន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីសដែរដោយបានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សមិនអាចរីកចម្រើនប្រកបដោយចីរភាពបានឡើយបើគ្មានសន្តិភាព ចំណែកឯការអភិវឌ្ឍក៏មិនអាចប្រព្រឹត្តទៅបានដែរបើគ្មានសន្តិសុខ។ ដូចគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋ ការការពារសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។
ឯកឧត្តមបញ្ជាក់ថា ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសិទ្ធិមនុស្សដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ជាពិសេសវត្តមានកម្លាំងយោធាថៃកាន់កាប់ភូមិស្រុកកម្ពុជា ដែលនៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងបានបញ្ជាក់ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការដែលបានឯកភាពគ្នា ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងទៀតថា នៅឯក្នុងប្រទេសឯណេះវិញ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវីរយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ប្រជាពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធសម្របសម្រួលឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ដោយខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះ ក៏ដូចជាជួយស្តាជីវភាពរបស់ពួកគេឡើងវិញ។ រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជិត ៩៣% ហើយដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់។

បើតាមឯកឧត្តមអ្នកនាំពាក្យ មកទល់ពេលនេះនៅសល់ពលរដ្ឋភៀសសឹកជាង៤ម៉ឺន ៥ពាន់នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយទេ។ ពួកគេទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលទាំងលើជីវភាពរស់នៅ បរិស្ថាន និងសុខមាលភាព។ ជាក់ស្តែង ពួកគេបានទទួលជាបណ្តើរៗនូវជម្រកបណ្តោះអាសន្នដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមមធ្យោបាយការទូតដើម្បីកំណត់ខណ្ឌសីម៉ាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឱ្យពួកគេវិលទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នា។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

You might also like