បុណ្យទន្លេលើកទី១០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ
ក្រសួងទេសចរណ៍ប្រកាសថា បុណ្យទន្លេលើកទី១០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការរៀបចំពិធីបុណ្យទន្លេ លើកទី១០នេះ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ៕






