អ្នកជំនាញ ៖ តម្លៃប្រេងហក់ឡើងថ្លៃ មិនប៉ះពាល់ដល់លំហូរការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាទេ
អ្នកជំនាញក្នុងអាជីវកម្ម ថ្លែងថា តម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃ កឺមិនធ្វើឱ្យប៉ះពាល់ដល់លំហូរនៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាទេ ខណៈតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃមុខទំនិញនឹងប្រែប្រួលតាមតម្រូវការជាក់ស្តែង ព្រោះពិភពលោកត្រូវការផ្គត់ផ្គង់គ្នាទៅវិញទៅមក។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន BTV ស្តីពី ការធ្វើពាណិជកម្ម ក្នុងអន្តរកាលប្រេងឥន្ធនៈកំពុងមានភាពប្រែប្រួលនេះថា ជុំវិញការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥កន្លងមក កម្ពុជាសម្រេចបានកំណើនកើនឡើងយ៉ាងល្អប្រសើរ និងស្របពេលការស្រូបយកវិនិយោគិនឱ្យមកបណ្តាក់ទុនបានកើនឡើងជាគំហុកផងដែរ។ ចំណែកការធ្វើពាណិជ្ជកម្មនៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះវិញ ទំហំនៃ ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា បាននិងកំពុងបន្តមានកំណើនគួរកត់សម្គាល់ផងដែរ។អ្នកឧកញ៉ា បន្តថា ស្របពេលនិន្នាការទីផ្សារកំពុងមានភាពល្អប្រសើរនេះ បញ្ហាប្រេងឥន្ធនៈបានក្លាយជាប្រធានស័ក្តថ្មីមួយ ដោយបានធ្វើឱ្យតម្លៃប្រេងលើទីផ្សារអន្តរជាតិមានការប្រែប្រួលយ៉ាងខ្លាំង ធ្វើឱ្យពិភពលោកក៏ដូចកម្ពុជាកំពុងរងនូវការប៉ះពាល់ ដែល នឹងអាចធ្វើឱ្យអតិផរណាថ្លៃទំនិញផ្សេងៗលើទីផ្សារមានការប្រែប្រួល។ អ្នកឧកញ៉ាបន្ថែមថា ចំពោះការធ្វើពាណិជ្ជកម្មជាអន្តរជាតិវិញ សម្រាប់ជំហានដំបូងតិចឬច្រើនត្រូវតែមានផលប៉ះពាល់ ប៉ុន្តែកត្តានេះមិនធំនោះទេ ព្រោះថាអ្នកធ្វើអាជីវកម្មមិនថាពន្ធឡើងថ្លៃ ឬ ប្រេងឥន្ធនៈឡើងថ្លៃក៏ដោយ អ្នកធ្វើអាជីវកម្មបូកបញ្ចូលថែមទៅតាមតម្រូវការជាក់ស្តែង។ ពោលគឺតម្លៃប្រេងឥន្ធនៈហក់ឡើងថ្លៃនេះ គឺមិនប៉ះពាល់ដល់លំហូរនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬការផ្អាកដោយប្រការណាមួយរបស់កម្ពុជានោះទេ ព្រោះពិភពលោកត្រូវ ការផ្គត់ផ្គង់ទំនិញរវាងគ្នាទៅវិញទៅមក។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា ប្រេងឥន្ធនៈគឺជាមធ្យមបាយដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនភស្តុភាកម្មក្តី កប៉ាលអន្តរជាតិក្តី គឺអាស្រ័យទៅលើប្រេងឥន្ធនៈ។ បញ្ហានេះតម្លៃដឹកជញ្ជូន និងតម្លៃធានារ៉ាប់រង ការដឹកជញ្ជូនជាអន្តរជាតិអាចនឹងកើនឡើង ប៉ុន្តែមកដល់ពេលនេះពុំទាន់ជះឥទ្ធិពលខ្លាំងនៅឡើយ ជាពិសេសទៅលើការនាំចេញរបស់កម្ពុជា ព្រោះគម្រោងនៅក្រោមកិច្ចសន្យាដឹកជញ្ជូនពីដើមឆ្នាំមក គឺនៅអនុវត្តជាធរមាននៅឡើយ។
ឯកឧត្តមថ្លែងថា «ការដឹកជញ្ជូនពីដើមឆ្នាំមក នៅអនុវត្តជាធរមាននៅឡើយ ដោយមិនទាន់មានការចុះកិច្ចសន្យាថ្មី ឬក៏ការចាប់ផ្តើមសារជាថ្មី ឬក៏ព័ត៌ មានណាមួយ ទាក់ទងការដឹកជញ្ជូនទាំងអស់នេះទេ»។
ឯកឧត្តម បន្ថែមថា បញ្ហានេះអាចនឹងផលជះជាអវិជ្ជមាន ប៉ុន្តែប្រសិនសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានេះនៅតែអូសបន្លាយរយៈពេលវែង ដោយគ្មានដំណោះស្រាយ ពិភពលោកទាំងមូលនឹងរងនូវឥទ្ធិពលនេះដូចគ្នា។ ឯកឧត្តម បញ្ជាក់បន្ថែមថា ជុំវិញបញ្ហានេះឃើញថា ភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែមានបំណងនឹងបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗ៕






