ប្រធានរដ្ឋសភាកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី ជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងសភាទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី នៅកម្ពុជានាពេលនេះ គឺជាជំហានថ្មីមួយទៀត ដែលបង្ហាញពីលទ្ធផលជាក់ស្តែង នៃការអនុវត្តដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២៥ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេស រវាងអគ្គលេខាធិការដ្ឋានទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។
ការបញ្ជាក់របស់ប្រធានរដ្ឋសភាកម្ពុជាបែបនេះ ក្នុងជំនួបទ្វេភាគីនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នារដ្ឋសភាជាតិ។
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី បន្ថែមថាដំណើរទស្សនកិច្ចនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលកម្ពុជា និងហុងគ្រី ពិនិត្យលើសក្តានុពលផ្សេងៗទៀត ក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង ដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យានិងទេសចរណ៍ ជាដើម៕






