ក្រសួងមុខងារសាធារណៈ ចែករំលែកវឌ្ឍនភាពនៃ «ការគ្រប់គ្រងវិស័យមុខងារសាធារណៈ» ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំប្រតិភូក្រសួងមុខងារសាធារណៈ ដើម្បីចែករំលែកវឌ្ឍនភាពការងារ និងព័ត៌មានចាំបាច់ផ្សេងៗអំពី «ការគ្រប់គ្រងវិស័យមុខងារសាធារណៈ» ជាពិសេសវឌ្ឍនភាព និងលទ្ធផល ដែលកំពុងសម្រេចបានជាជំហានៗ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជូនក្រុមឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព។
ក្រោយបានស្តាប់បទបង្ហាញរបស់ក្រសួងមុខងារសាធារណៈ សមាជិក សមាជិកានៃឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាច្រើនរូបបានសួរសំណួរ ចូលរួមមតិយោបល់ជាច្រើនក្នុងគោលដៅ ចូលរួមចំណែកលើកកម្ពស់ការកែលម្អប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា។ ទន្ទឹមនេះ វេទិកានាព្រឹកនេះ ជាឱកាសដ៏ល្អ មួយបន្ថែមទៀត សម្រាប់ចែករំលែកព័ត៌មាន និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ ជាពិសេសការងារដែលសម្រេចបានផង និងការងារដែលកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ លើការកែទម្រង់រដ្ឋបាលសាធារណៈផង ឆ្ពោះទៅការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។






