រដ្ឋបាលខេត្តកោះកុង ច្រានចោលព័ត៌មានករណីយកលុយពីជនជាតិចិន៤ម៉ឺនដុល្លារ, តែមានចម្ងល់មួយថា ជនជាតិបរទេស៣០នាក់ មានលិខិតឆ្លងដែន និងប័ណ្ណការងារត្រឹមត្រូវ ហេតុអ្វីឲ្យស្ម័គ្រចិត្តត្រឡប់ស្រុកកំណើតវិញ និងដកហូតលិខិតឆ្លងដែនរបស់ពួកគេ?
(កោះកុង)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកោះកុង បានចេញការបំភ្លឺមួយដោយច្រានចោលចំពោះការចោទប្រកាន់ និងការបង្ហោះតាមបណ្តាញសង្គមថាបានយកពីជនជាតិចិនចំនួន៤ម៉ឺនដុល្លារ ពេលចុះត្រួតពិនិត្យរដ្ឋបាលនៅ ស្រុកមណ្ឌលសីមា កាលពីថ្ងៃទី១៩ ខែមីនា ដឹកនាំដោយលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង។
នៅតាមបណ្តាញសង្គមមានការចែករំលែកព័ត៌មានមួយថា អាជ្ញាធរខេត្តកោះកុង ពេលចុះត្រួតពិនិត្យរដ្ឋបាលនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានដកហូតលិខិតឆ្លងដែនពីជនជាតិចិនមួយក្រុមដែលកំពុងសម្រាកនៅសណ្ឋាគារ «បន្ទប់មើលសមុទ្រនៅផ្ទះ» ហើយប្រាប់ឲ្យជនជាតិចិនទាំងនោះ ទៅដោះស្រាយនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ខណៈដែលជនជាតិចិនទាំងនោះ មិនមានបទល្មើសអ្វីនោះទេ។ ការចោទប្រកាន់មួយទៀត គឺថាអាជ្ញាធរបានដោះលែងជនជាតិចិនចំនួន៤នាក់ ដោយយកលុយចំនួន៤ម៉ឺនដុល្លារទៀតផង។
ឆ្លើយតបនឹងការចោទប្រកាន់រដ្ឋបាលខេត្តកោះកុង បានចេញមកច្រានចោលទាំងស្រុង ដែលបានព្រមានថានឹងចាត់វិធានការចំពោះបុគ្គលណាដែលឆ្លៀតឱកាសទទួលយកផលប្រយោជន៍ខុសពីការណែនាំ គឺបុគ្គលនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន។
នៅក្នុងលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តកោះកុងចំនួន២ទំព័រ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ពិតជាបានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងរស់នៅប្រមូលផ្តុំ អគារក្លិបម៉ាស្សា ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយរកឃើញជនបរទេសសរុបចំនួន ៥៩នាក់ (ស្រី១៩នាក់) ស្មើនឹង៤៧សញ្ជាតិ។ ជនបរទេសទាំង៥៩នាក់នេះ ក្រុមការងារបានរកឃើញថា៖
– បានរាយការណ៍បញ្ចូលក្នុងប្រព័ន្ធ FPCS ស្របតាមអនុក្រឹត្យលេខ១៣ អនក្រ.បក ចំនួន១នាក់
– គ្មានលិខិតឆ្លងដែន ចំនួន៥នាក់ ជាជនជាតិចិន
– មានជនបរទេស ចំនួន២៤នាក់ មានទិដ្ឋាការ និងប័ណ្ណការងារត្រឹមត្រូវ ព្រមទាំងមានគោលដៅច្បាស់លាស់
– មានជនបរទេស ចំនួន៣០នាក់ មានទិដ្ឋាការ និងមានប័ណ្ណការងារត្រឹមត្រូវ គោលដៅធ្វើការខាងក្រៅ និងខ្លះទៀតសម្រាប់ដើរលេង។
រដ្ឋបាលខេត្តបានបន្តថា ចំពោះការធ្វើការត្រួតពិនិត្យ ទីតាំងខាងលើនេះ មិនមានជាប់ពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ ហើយជនជាតិចិនដែលគ្មានលិខិតឆ្លងដែន ចំនួន៥នាក់ ខាងជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង យកទៅបន្តអនុវត្តនីតិវិធីច្បាប់។
ចំពោះជនបរទេសចំនួន២៤នាក់ ដែលមានគោលដៅត្រឹមត្រូវជាម្ចាស់អាជីវកម្ម ក្រុមការងារបានសម្រេចអនុញ្ញាតឱ្យបន្តប្រកបអាជីវកម្ម ហើយម្ចាស់អាជីវកម្មដែលមិនទាន់ មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ត្រូវសុំច្បាប់ប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវ។
ដោយឡែក ជនបរទេសចំនួន៣០នាក់ទៀត ឱ្យស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតខ្លួនវិញដោយមានក្រុមការងារជូនទៅ ព្រំដែន និងទិញសំបុត្រនៅអាកាសយានដ្ឋាន។
ចំពោះការដកលិខិតឆ្លងដែនលើជនបរទេស ចំនួន៣០នាក់នេះ ធ្វើឡើងដើម្បីកុំឱ្យជនបរទេសគេចវេសមិនត្រឡប់ទៅប្រទេសកំណើតវិញ មន្ត្រីជំនាញនឹងផ្ដល់ជូនវិញក្រោយពេលជូនដល់ព្រំដែន និងទិញសំបុត្រយន្តហោះរួចរាល់។
សម្រាប់ជនបរទេសទាំង៣០នាក់ ត្រូវបានប្រជាពលរដ្ឋលើកឡើងជាចម្ងល់ថា បើពួកគាត់មានលិខិតឆ្លងដែនត្រឹមត្រូវ មានប័ណ្ណការងារត្រឹមត្រូវ ហេតុអ្វីត្រូវឲ្យពួកគាត់ស្ម័គ្រចិត្តត្រឡប់ទៅស្រុកកំណើតវិញ ថែមទាំងដកហូតយកលិខិតឆ្លងដែនរបស់ពួកគាត់ទៀត។
ស្រ្តីម្នាក់ដែលទំនងស្គាល់ជនជាតិចិនក្នុងចំណោម៣០នាក់ បានប្រាប់បណ្តាញព័ត៌មាន Fresh News ក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណ បានលើកឡើងថា ជនជាតិចិនមួយចំនួន មិនចង់ត្រឡប់ទៅស្រុកកំណើតវិញឡើយ តែត្រូវអាជ្ញាធរគំរាម និងដកហូតយកលិខិតឆ្លងដែនរបស់ពួកគេ។ គាត់មានចម្ងល់ថា ជនបរទេសដែលមានលិខិតឆ្លងដែនត្រឹមត្រូវ តើមិនមានសិទ្ធិរស់នៅ និងធ្វើដំណើរដោយសេរីនៅក្នុងប្រទេសយើងទេ?






