តៃវ៉ាន់ ឱ្យដឹងថាការប្រគល់យន្ដហោះចម្បាំង F-16 បញ្ជាទិញពីអាមេរិកនឹងចាប់ផ្ដើមធ្វើឡើងក្នុងឆ្នាំនេះ
(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាការប្រគល់យន្ដហោះចម្បាំង F-16V បញ្ជាទិញពីសហរដ្ឋអាមេរិក និងដែលត្រូវបានពន្យារពេលជាច្រើនលើកនាពេលកន្លងមក នឹងចាប់ផ្ដើមធ្វើឡើង ក្នុងឆ្នាំ២០២៦នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តៃវ៉ាន់ដែលកំពុងប្រឈមមុខនឹងសម្ពាធយោធាពីចិន បានបង្ហាញការខកចិត្តចំពោះការពន្យារពេលម្ដងហើយម្ដងទៀតលើការប្រគល់អាវុធដែលខ្លួនបញ្ជាទិញពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩ បានអនុម័តការលក់យន្ដហោះចម្បាំង F-16 ផលិតដោយក្រុមហ៊ុន Lockheed Martin ក្នុងទំហំទឹកប្រាក់ ៨ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ជាកិច្ចព្រមព្រៀងមួយដែល នឹងធ្វើឱ្យកងយន្ដហោះចម្បាំង F-16 របស់តៃវ៉ាន់មានយន្ដហោះចម្បាំងជាង ២០០គ្រឿង។ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលជាច្រើនលើកដោយសារតែបញ្ហាមួយចំនួនក្នុងនោះរួមមានទាំង បញ្ហា software ផងដែរ។
ការប្រកាសខាងលើរបស់ក្រសួងការពារជាតិតៃវ៉ាន់ ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមមន្ត្រីយោធាជាន់ខ្ពស់តៃវ៉ាន់បានធ្វើដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យការផលិតយន្ដហោះចម្បាំង F-16 ក្នុងរដ្ឋ South Carolina កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
គួរបញ្ជាក់ថា តៃវ៉ាន់បានអភិវឌ្ឍយន្ដហោះចម្បាំងស៊េរីចាស់ F-16A/B ចំនួន១៤១គ្រឿង ទៅជាយន្ដហោះចម្បាំងស៊េរីថ្មី F-16V និងបានបញ្ជាទិញយន្ដហោះចម្បាំង F-16V ថ្មី៦៦គ្រឿងបន្ថែម ពីសហរដ្ឋអាមេរិកដោយមានបំពាក់ដោយបច្ចេកវិទ្យា ប្រព័ន្ធអាវុធថ្មីៗ និងរ៉ាដា ដើម្បីបង្កើនសមត្ថភាពប្រឈមមុខនឹងយន្ដហោះចម្បាំងចិនតួយ៉ាងដូចជា J-20៕






