ស្នាមញញឹមក្នុងជម្រកថ្មី ជាមួយនឹងក្តីសង្ឃឹម! រដ្ឋាភិបាល និងអាជ្ញាធរមិនបោះបង់ពលរដ្ឋភៀសសឹកចោលជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ
(បន្ទាយមានជ័យ)៖ ជម្រកបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាល បានសាសងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៤០០ហិកតា នៅក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សំឡេងគោយន្ត និងរថយន្តដឹកជញ្ជូនសម្ភារៈប្រើប្រាស់បានបន្លឺឡើងយ៉ាងគគ្រឹក ក៏ប៉ុន្តែវាមិនមែនជាសំឡេងនៃភាពភ័យខ្លាចដូចកាលពីគ្រាភៀសសឹកនោះឡើយ វាគឺជាសំឡេងនៃក្តីសង្ឃឹមថ្មីរបស់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងចាកចេញពីតង់កៅស៊ូឆ្ពោះទៅកាន់ជម្រកស្នាក់នៅបណ្តោះអាសន្នដ៏មានសុវត្ថិភាព។
បើតាមលោក ឃ្លោក នួយ អភិបាលរងបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺមិនដែលបោះបង់ចោលបងប្អូនឡើយ។ យើងយល់ច្បាស់ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលត្រូវភៀសខ្លួនពីសង្គ្រាមឈ្លានពាននៅតាមព្រំដែន។ ការផ្តល់ជម្រកថ្មីនេះ គឺជាការធានានូវសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពជូនបងប្អូន ខណៈដែលយើងកំពុងបន្តដោះស្រាយបញ្ហាដីធ្លីនៅតំបន់ដើម។
បន្ថែមពីនេះ លោក ឃ្លោក នួយ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណ ៨០០គ្រួសារ បានមកស្នាក់ជាបណ្តើរៗហើយ ខណៈអាជ្ញាធរ បានយកចិត្តទុកយ៉ាងខ្លាំងចំពោះសុខទុក្ខរបស់បបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្នុងនោះលើបញ្ហាសុខុមាលភាព ពោលគឺមានក្រុមគ្រូពេទ្យ នៅឈរជើងប្រចាំការជាប់ជានិច្ច។ សម្រាប់ប្រពលរដ្ឋភៀសសឹកស្នាក់នៅជាបណ្តោះអាសន្នដោយក្នុងមួយគ្រួសារ ទទួលបានផ្ទះមួយខ្នង មានទំហំទទឹង៥ម៉ែត្រ និងបណ្ដោយ៧ម៉ែត្រ នៅលើក្បាលដី ដែលទទឹង២០ម៉ែត្រ និងបណ្ដោយ៣០ម៉ែត្រ។
អភិបាលរងបន្ទាយមានជ័យ បានបន្ថែមថា ក្រោមការបញ្ជាផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការរៀបចំជម្រកបណ្តោះអាសន្ននៅនេះមិនមែនធ្វើឡើងត្រឹមតែឱ្យមានកន្លែងជ្រកកោនប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋបានគិតគូរដល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ រួមមានទឹកស្អាត ភ្លើងអគ្គិសនី និងការឧបត្ថម្ភថ្លៃប្រើប្រាស់ទឹកភ្លើងរយៈពេលពេញមួយឆ្នាំ ដើម្បីសម្រាលបន្ទុកជីវភាពបងប្អូនឱ្យបានជាអតិបរមា។ ជាពិសេសអាជ្ញាធរបានសាងសង់សាលារៀនពីកម្រិតថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ មណ្ឌលសុខភាព ទីស្នាក់ការភូមិ។
ចំណែកអ្នកស្រី ម៉ៅ សាវ៉េត បានរៀបរាប់ថា អ្នកស្រីបានរស់នៅក្នុងផ្ទះសម្បែងនៅតំបន់បឹងត្រកួនយ៉ាងកក់ក្ដៅ និងសុខសាន្តប្រមាណ៤០ឆ្នាំមកហើយ ប៉ុន្តែនៅចុងឆ្នាំ២០២៥ យោធាថៃឈ្លានពានបានដាក់ទូរកុងតឺន័រ រាយបន្លាលួសព័ទ្ធយកផ្ទះរបស់អ្នកស្រី និងអ្នកភូមិផ្សេងទៀតជាច្រើនគ្រួសារ ក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។
បន្ថែមពីនេះអ្នកស្រី ម៉ៅ សាវ៉េត បានលើកឡើងថា នៅពេលដែលចូលមករស់នៅជម្រកបណ្ដោះអាសន្ន ដែលរាជរដ្ឋាភិបាលរៀបចំជូន អ្នកស្រីមានអារម្មណ៍ស្រួលរស់នៅរស់នៅ ស្រឡះមុខស្រឡះមាត់ ងាយស្រួលស្នាក់នៅជាងការស្នាក់នៅមណ្ឌលសុវត្ថិភាព។
ក្រោយចូលរស់នៅជម្រកបណ្ដោះអាសន្នថ្មី អ្នកស្រីគូសបញ្ជាក់ថា៖ «ខ្ញុំនៅតែចង់បានផ្ទះសម្បែងដែលធ្លាប់រស់នៅពីមុនមក ចង់បានផ្ទះមកវិញ តែមិនបានចង់សង្គ្រាមទេ ចង់បានសន្តិភាព។ ខ្ញុំជឿជាក់លើថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលថា គាត់នឹងអាចដោះស្រាយបាន»។
រីឯលោក ជា ឃាំង ជនភៀសសឹក មកពីតំបន់បឹងត្រកួនដូចគ្នា ក៏មានអារម្មណ៍នឹកផ្ទះសម្បែងដែលធ្លាប់រស់នៅ និងចង់វិលត្រឡប់ទៅផ្ទះសម្បែងវិញ។ លោកក៏បង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ដើម្បីទាមទារទឹកដីយកមកវិញ។
ថ្លែងចេញពីខាងក្រោមជម្រកបណ្ដោះអាសន្នដែលទើបនឹងចូលរស់នៅក្រោយរដ្ឋាភិបាលសាងសង់ជូនថ្មីៗ បុរសវ័យជាង៦០ឆ្នាំ រូបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «នឹកផ្ទះ ធ្លាប់រស់នៅកក់ក្ដៅ មានផ្ទះ មានដីរស់នៅ បែជាកើតជាជនជាភៀសសឹកចឹង មានការសោកស្ដាយ»។
សូមរម្លឹកថា ប្រជាពលរដ្ឋជាង ៣,០០០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំអូរបីជាន់ និងតំបន់បឹងត្រកួន បានរងគ្រោះដោយសារការរំលោភបំពានអធិបតេយ្យភាពពីសំណាក់ភាគីថៃ ដែលបានព័ទ្ធបន្លាលួស និងដាក់ទូកុងទ័រន័រលើទឹកដីកម្ពុជា រួមទាំងការគំរាមកំហែងដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៕






