ក្រុម G7 ត្រៀមរួចជាស្រេចដើម្បីការពារការផ្គត់ផ្គង់ថាមពលសកល និងគាំទ្រសន្តិសុខច្រកសមុទ្រហ័រមូស

បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បាននិយាយកាលពីថ្ងៃសៅរ៍ (២១ មីនា) ថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីគាំទ្រដល់ការផ្គត់ផ្គង់ថាមពលសកល និងបានបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃការការពារផ្លូវសមុទ្រ រួមទាំងនៅក្នុងច្រកសមុទ្រហ័រមូសផងដែរ។
រដ្ឋមន្ត្រីនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាមន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសទាំងនេះ… បង្ហាញការគាំទ្រដល់ដៃគូរបស់ខ្លួននៅក្នុងតំបន់ ចំពោះមុខការវាយប្រហារដែលមិនសមហេតុផល ដោយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន»។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «ប្រទេសទាំងនេះថ្កោលទោសក្នុងកម្រិតខ្លាំងក្លាបំផុត ចំពោះការវាយប្រហារតាមតែអំពើចិត្តរបស់របបនេះ ទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលផងដែរ»។
គួរឱ្យដឹងថា អ៊ីស្រាអែល និងអាមេរិក បើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ជាការឆ្លើយតប អ៊ីរ៉ង់បានសងសឹកវិញតាមរយៈការវាយប្រហារដោយដ្រូន និងមីស៊ីល សំដៅលើអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ ដែលមានមូលដ្ឋានយោធារបស់អាមេរិក។ អ៊ីរ៉ង់ក៏បានបិទច្រកសមុទ្រហ័រមូសស្ទើរតែទាំងស្រុងនៅជុំវិញថ្ងៃទី១ ខែមីនា។ ជាធម្មតា ផ្លូវទឹកយុទ្ធសាស្ត្រនេះ គឺជាច្រកដឹកជញ្ជូនប្រេងប្រហែល ២០ លានបារ៉ែលក្នុងមួយថ្ងៃ និងប្រហែល ២០% នៃពាណិជ្ជកម្មឧស្ម័នធម្មជាតិរាវ (LNG) សកល៕

You might also like