អ្នកស្រី រឹម ឌីឃឹម ជឿជាក់ថា រាជរដ្ឋាភិបាលនឹងទាមទារយកផ្ទះរបស់អ្នកស្រីត្រលប់មកវិញ

ទោះបីមានការរៀបចំជម្រកបណ្ដោះអាសន្នសម្រាប់រស់នៅក្តី ប៉ុន្តែប្រជាពលរដ្ឋភៀសសឹក នៅតែនឹកផ្ទះរបស់ពួកគាត់ ដែលធ្លាប់ជាទីស្នាក់អាស្រ័យដ៏សុខសាន្ត ហើយពួកគាត់នៅតែជឿជាក់ថារាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងទាមទារយកផ្ទះ និងដី ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់ភាគីថៃ ត្រលប់មកវិញ។

អ្នកស្រី រឹម ឌីឃឹម ដែលជាប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ដែលធ្លាប់មានមុខរបរជាអ្នកលក់អីវ៉ាន់ចាប់ហួយម្នាក់ បាននិយាយថា៖ “ខ្ញុំបានបាត់បង់ទំនិញទាំងអស់ បន្ទាប់ពីទិញស្តុកសម្រាប់លក់មុនបុណ្យចូលឆ្នាំសកល”។

អ្នកស្រីបានបន្តថា៖ «ខ្ញុំទើបទិញអីវ៉ាន់បានប៉ុន្មានថ្ងៃ ស្រាប់តែផ្ទុះសង្គ្រាម។ ឥឡូវនេះ គ្មានអ្វីនៅសល់ទេ ទាំងផ្ទះ និងមុខរបរ ហើយអ្វីដែលខ្ញុំចង់បាននៅពេលនេះ គឺខ្ញុំចង់បានផ្ទះខ្ញុំត្រលប់មកវិញ ប៉ុន្តែខ្ញុំនៅតែជឿជាក់លើរាជរដ្ឋាភិបាលថានឹងស្វែងរកដំណោះស្រាយ និងទាមទារយកផ្ទះមកឱ្យខ្ញុំមកវិញនៅពេលណាមួយ»។

សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ និងអំពាវនាវឱ្យថៃគោរពសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងនានា ប្រកបដោយសុច្ឆន្ទៈ ព្រមទាំងដោះស្រាយបញ្ហានេះតាមយន្តការច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើកម្លាំងណាមួយឡើយ៕

You might also like