ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចុះពិនិត្យផ្លូវព្រៃឈើនាង-ពញ្ញាអង្គរ ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) តភ្ជាប់ពីភូមិព្រៃឈើនាង ស្រុកឈូក ទៅកាន់ភូមិពញ្ញាអង្គរ ស្រុកបន្ទាយមាស ខេត្តកំពត
កំពត៖ បន្ទាប់ពីដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និង ទិសដៅការងារបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតរួចមកនៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យ ផ្លូវព្រៃឈើនាង-ពញ្ញាអង្គរ ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ១២,៣៧៩គ.ម ទទឹងខ្នងលើ ៦ម៉ែត្រ តភ្ជាប់ពីភូមិព្រៃឈើនាង ឃុំបានៀវ ស្រុកឈូក ទៅកាន់ភូមិពញ្ញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត សាងសង់ដោយក្រុមហ៊ុន អរអិន អ៊ីស៊ី&ស៊ី ឯ.ក (RN EC&C Co.,LTD.) ចាប់ផ្តើមសាងសង់ថ្ងៃ១៦ វិច្ឆិកា ២០២៤- ១៦ មេសា ២០២៦។
សូមបញ្ជាក់ថា ផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ៧៥១គ្រួសារ ស្មើនឹង ១១ ៥០៩នាក់ និងទទួលផលដោយប្រយោលចំនួន ១ ៨៦៨គ្រួសារ ស្មើនឹង ៦ ៧៣១នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាគរៈបរិស្ថាន ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), កម្ចីឥណទានរបស់មូលនិធិអាកាសធាតុបៃតង និងថវិកាបដិភាគរបស់អ្នកទទួលផល។ បច្ចុប្បន្នសម្រេចបាន ៦០%៕
នៅក្នុងពេលចុះត្រួតពិនិត្យជាក់ស្តែង ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាតបានផ្តល់អនុសាសន៍ និងសំណូមពរដល់ក្រុមហ៊ុនមួយចំនួនដូចខាងក្រោម÷
១. ក្រុមហ៊ុនពង្រឹងការងារសាងសង់អោយមានគុណភាពស្របតាមបទដ្ឋានបច្ចេកទេស និងតាមផែនការកំណត់ក្នុងកិច្ចសន្យា។
២. ក្រុមហ៊ុនសម្រួលផ្លូវ Access Road និងផ្តល់សូឡាបំភ្លឺត្រង់ចំណុចលូប្រអប់មួយកន្លែង ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
៣. ក្រុមហ៊ុនពន្លឿនការងារសាងសង់ និងចាក់កៅស៊ូអោយបានមួយទាន់មុនចូលឆ្នាំខ្មែរ។
៤. ដោះដូរគម្របលូដែលបែកបាក់ប្តូរចេញ និងយកដីខ្សាច់, ថ្ម ដែលចាក់លើគម្របលូចេញ ។
៥. ស្រោចទឹកអោយបានញឹកញាប់ ។
៦. ណែនាំប្រជាពលរដ្ឋកុំអោយនាំគ្នាចាក់ដី ខ្សាច់ ថ្ម លុបលើគម្របលូបង្ហូរទឹក។






