ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋមនៃគម្រោងប្រឡាយតភ្ជាប់មេគង្គ-ស្ទឹងសែន

នាថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋមនៃគម្រោងប្រឡាយតភ្ជាប់មេគង្គ-ស្ទឹងសែន ជាមួយប្រតិភូតំណាងសាជីវកម្មធនធានទឹកកូរ៉េ(K-water) នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា បឹងទន្លេសាបមានប្រភពទឹកពីទឹកភ្លៀង ទឹកទន្លេមេគង្គ និងទឹកពីស្ទឹងសំខាន់ៗចំនួន១១ផ្សេងទៀត ដែលនៅក្នុងរដូវវស្សាទឹកមានកម្រិតកម្ពស់ខ្ពស់ និងក្នុងរដូវប្រាំងមានកម្រិតកម្ពស់ទឹកទាបដែលធ្វើឱ្យមានការខ្វះខាតទឹក។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងប្រឡាយតភ្ជាប់មេគង្គ-ស្ទឹងសែន គឺជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយនាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ (K-water) កាលពីខែឧសភា ឆ្នាំ២០២៤ និងខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនផលិតភាពកសិកម្ម ជាពិសេសការរក្សាបរិមាណទឹកក្នុងបឹងទន្លេសាបគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នៅរដូវប្រាំង។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម ក្នុងការធានាបាននូវសន្តិសុខទឹក ការគ្រប់គ្រងគ្រោះមហន្តរាយ និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ពិសេសការលើកម្ពស់និងបង្កើនផលិតភាពកសិកម្ម តាមរយៈការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ធនធានទឹកទន្លេមេគង្គ៕

You might also like