សហជីព និងកម្មករ អរគុណរាជរដ្ឋាភិបាលបានជួយសម្រាលបន្ទុកចំណាយក្នុងវិបត្តិប្រេងឥន្ធនៈសកល

ថ្នាក់ដឹកនាំសហជីព និងកម្មកររោងចក្រកាត់ដេរ បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តបន្ថែមការកាត់បន្ថយពន្ធលើការដឹកជញ្ជូន និងប្រេងឥន្ធនៈ ជាពិសេសការជួយសម្របសម្រួលជាមួយម្ចាស់រោងចក្រ សហគ្រាសនានាឱ្យផ្តល់ប្រាក់សោហ៊ុយបន្ថែមលើថ្លៃធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិក ក្នុងមួយខែក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិប្រេងឥន្ធនៈនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន នៅថ្ងៃទី២៣ ខែមីនានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ក្នុងអំឡុងពេលនេះ មនុស្សភាគច្រើនសុទ្ធសឹងតែជួបបញ្ហាសេដ្ឋកិច្ចដូចគ្នាទៅលើការចំណាយនានាក្នុងការរស់នៅ និងប្រកបកិច្ចការងារ។ ជាក់ស្តែងនៅពេលនេះ ប្រទេសទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏កំពុងជួបបញ្ហាវិបត្តិប្រេងឥន្ធនៈជាសកល ប៉ុន្តែរាជរដ្ឋាភិបាលបានបន្តជួយអន្តរាគមន៍ក្នុងការកាត់បន្ថយថ្លៃចំណាយរបស់វិស័យឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ជាពិសេសកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ទទួលបានការយកចិត្តទុកដាក់ពីសំណាក់ភាគីនិយោជក និងរាជរដ្ឋាភិបាលភិបាល ដែលបានឯកភាពគ្នាក្នុងការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ន ២,៥០ ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត។
កម្មករ កម្មការនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយដោយទឹកមុខសប្បាយរីករាយថា ពិតជាត្រេកអ៊រ ក្រោយពីទទួលបានដំណឹងនេះ ដោយសារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងបរិបទវិបត្តិប្រេងឥន្ធនៈជាសកល និងពេញចិត្តចំពោះចំណាត់ការអន្តរាគមន៍ក្នុងការផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មករនិយោជិតនៅក្នុងបរិបទដ៏លំបាកនេះ។
កម្មករ កម្មការនី បានឱ្យដឹងស្រដៀងគ្នាទៀតថា ពាក់ព័ន្ធការផ្តល់ប្រាក់សោហ៊ុយបន្ថែមនេះ បើទោះបីជាមនុស្សមួយចំនួនគិតថាតិច ឬមិនបានច្រើន ក៏ប៉ុន្ដែវាជាចំណែកដ៏សំខាន់មួយជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត ពីព្រោះថា អ្នកផ្តល់មានតែម្នាក់ ប៉ុន្តែអ្នកទទួលមានចំនួនច្រើន។ ជាក់ស្តែងនៅក្នុងរោងចក្រនេះ មានកម្មករនិយោជិតសរុបចំនួនជាង ១ ៧០០នាក់ឯណោះ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមឆ្នាំ២០២៥ ក្រុមហ៊ុន សហគ្រាសវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មានចំនួនសរុប ១ ៨៦៧សហគ្រាស។ វិស័យនេះបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងស្រុកកើនឡើងសរុបចំនួនជាង ១លាន ១៣ម៉ឺននាក់៕

You might also like