យន្តហោះផ្ទុកមនុស្ស១២៥នាក់ ធ្លាក់នៅកូឡុំប៊ី, ស្លាប់៨នាក់ របួស៨៣នាក់
មនុស្ស៨នាក់បាត់បង់ជីវិតនិង៨៣នាក់ទៀតរងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកជញ្ជូនយោធា នៅប្រទេសកូឡុំប៊ី។
តាមការផ្សាយរបស់ CNN, យន្តហោះនេះជាប្រភេទ C-130 Hercules មានដឹកអ្នកដំណើរ១១៤នាក់និងបុគ្គលិកអាកាសយានិក១១នាក់។ ក្នុងចំណោមអ្នកដំណើរទាំង១១៤នាក់ គឺមាន២នាក់ជាមន្ត្រីប៉ូលិស ខណៈ១១២នាក់ជាយោធា។
យន្តហោះបានធ្លាក់កាលពីថ្ងៃចន្ទទី២៣ខែមីនាឆ្នាំ២០២៦ ក្នុងខេត្ត Putumayo ភាគខាងត្បូងដែលមានព្រំប្រទល់ជាប់ប្រទេសប៉េរូ ប៉ុន្តែមូលហេតុនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
តាមការអះអាងពីអភិបាលខេត្ត Putumayo លោក Jhon Gabriel Molina, យន្តហោះនេះធ្លាក់ក្រោយធ្វើដំណើរមិនបាន៣គីឡូម៉ែត្រផង។
ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី Pedro Sánchez បានអះអាងថា មិនមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធណាមួយទ។
C-130H Hercules គឺជាម៉ូដែលចាស់នៅក្នុងសែស្រឡាយយន្តហោះ C-130 ដែលដាក់ឲ្យប្រើប្រាស់ជាលើកដំបូងក្នុងខែមីនាឆ្នាំ១៩៦៥។ នេះបើយោងតាមក្រុមហ៊ុនផលិត Lockheed Martin។
យន្តហោះនេះ ត្រូវបានកងទ័ពអាកាសសហរដ្ឋអាមេរិក ផ្តល់ជាអំណោយដល់កងទ័ពអាកាសកូឡុំប៊ី កាលពីខែកញ្ញាឆ្នាំ២០២០ ហើយវាត្រូវបានប្រើប្រាស់ជាមួយសមត្ថភាពអាចប្រតិបត្តិការបានក្នុងតំបន់ដាច់ស្រយាល និងក្នុងលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់បំផុត៕






