ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា រំលេចព្រះកាយជាមួយរ៉ូបសហសម័យ មានស្បៃឌិនយ៉ាងប្រណីត បង្ហាញពីអត្តសញ្ញាណខ្មែរ

• ជាបុត្រីក្នុងសែរាជវង្ស ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ហាក់មានទំនោរខ្លាំងទៅលើអ្វីដែលជាសិល្បៈវប្បធម៌ខ្មែរ ជាពិសេស ការស្លៀកពាក់ ដោយទ្រង់តែងតែដកស្រង់ពីបុរាណកាល មកដាក់បញ្ចូលក្នុងការស្លៀកពាក់បែបទំនើប។
• តាមរយៈទំនោរនេះ ទ្រង់មិនត្រឹមតែបង្ហាញពីភាពច្នៃប្រឌិត និង ការស្រលាញ់ប៉ុណ្ណោះទេ តែថែមទាំងបង្ហាញនូវអ្វីដែលជាអត្តសញ្ញាណជាតិទៅកាន់មហាជន ក៏ដូចជាជនបរទេសផងដែរ។
• ជាក់ស្តែង រាល់ពេលចូលរួមពិធីសំខាន់ៗ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា តែងជ្រើសរើសការស្លៀកពាក់បែបប្រពៃណី ហើយបើក្នុងឈុតបែបសម័យទំនើប ទ្រង់តែងច្បិចបន្ថែមនូវអ្វីមួយដែលបង្ហាញពីអត្តសញ្ញាណ ឬ ជាស្ទីលបែបសហសម័យ។
• ដូចថ្មីៗនេះ ក្នុងឱកាសចូលរួមពិធីមង្គលការមួយ ទ្រង់បានគ្រងរ៉ូបមានរាងសាច់រលោង មើលមកបែបអេឡេហ្គង់ ជាពិសេស នៅត្រង់ផ្នែកខាងលើមានភ្ជាប់មកជាមួយស្បៃឌិនពណ៌មាស លាយឡំអង្កាំពណ៌ស ផ្សំចូលគ្នាមានលក្ខណៈសាមញ្ញ តែប្រណីតខ្លាំង។
• ជាមួយឈុតនេះ ទ្រង់ប្រើម៉ូដសក់ស្លូតទម្លាក់សាមញ្ញ ចំណែកគ្រឿងលម្អ មិនមានសូម្បីខ្សែក ត្រឹមក្រវិលតូច និង ចិញ្ចៀនតែបន្តិច ជាការស្រេច។ អាចថាឈុតនេះ មានលក្ខណៈសហសម័យ ស៊ីវិល័យលំដាប់ខ្ពស់។
• បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ឈុតនេះត្រូវបានរចនាឡើងដោយ លោក ណាត សុខណាន ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ប្រណីតល្បីជួរមុខនៅកម្ពុជា។
• ភ្ជាប់នឹងរូបភាព ព្រះអង្គម្ចាស់ក្សត្រិយ៍ ទ្រង់ក៏បានសរសេរភ្ជាប់មកយ៉ាងដូច្នេះថា «ខ្ញុំបានស្នើឱ្យបង Soknan_cambodia រចនារ៉ូបមួយ ដែលបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរ។ អរគុណសម្រាប់ស្នាដៃដ៏ល្អឥតខ្ចោះនេះ»៕

You might also like