លោកជំទាវ លៀង យុគ ថោជេដ្ឋា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរៀបចំផែនការអនុវត្ត និងទិសដៅការងាររបស់សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម

នាថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង លោកជំទាវ លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការរៀបចំផែនការអនុវត្ត និងទិសដៅការងាររបស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោកជំទាវ លោកស្រី ជាអនុប្រធាន និងសមាជិកសមាគមជាច្រើនរូបទៀត។
ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវ លៀង យុគ ថោជេដ្ឋា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្ម និងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការបំពេញភារកិច្ចការងារចលនាស្ត្រីនាពេលកន្លងមក ទោះបីជាមមាញឹកនឹងការងារស្នូលយ៉ាងណាក៏ដោយ។
ទន្ទឹមនឹងនោះ លោកជំទាវ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមទាំងអស់ សូមបន្តពង្រឹងសាមគី្គភាព ពង្រឹងសមត្ថភាព និងរក្សាទំនាក់ទំនងឱ្យបានជិតស្និទ្ធ ដើម្បីត្រៀមលក្ខណៈអនុវត្តផែនការការងារដែលអង្គប្រជុំសម្រេចដាក់ចេញឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា»៕

You might also like