ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ១៩%
នៅថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយលទ្ធផលការងារសរុបសម្រេចបានប្រមាណ ១៩%។
សូមជម្រាថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺជាគម្រោងយុទ្ធសាស្ត្រមួយក្នុងការគ្រប់គ្រងប្រភពទឹក។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលត្រូវអនុវត្តរួមមាន៖ ការសាងសង់តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង សំណង់ទ្វារទឹក ១កន្លែង អគារគ្រប់គ្រង ១កន្លែង ព្រមទាំងការស្ថាបនាផ្លូវចូលទីតាំងគម្រោងប្រវែង ១៣គីឡូម៉ែត្រ អមដោយសំណង់លូដោះទឹកមួយចំនួនតាមបណ្តោយផ្លូវ។
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាពសំណង់ឱ្យបានរឹងមាំយូរអង្វែង។ ទន្ទឹមនឹងនោះ ឯកឧត្តមបានសង្កត់ធ្ងន់លើការគោរពតាមកាលវិភាគការងារដែលបានចែងក្នុងកិច្ចសន្យា និងត្រូវពង្រឹងវិធានការសុវត្ថិភាពនៅការដ្ឋានឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ការងារជាយថាហេតុ៕






