ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវក្នុងភូមិសាស្ត្រខេត្តក្រចេះ

នាថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម មុខព្រួញខេត្តក្រចេះ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ។
ក្នុងបេសកកម្មនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រចំនួន ០៣កន្លែង ក្នុងស្រុកស្នួល រួមមាន៖ ប្រព័ន្ធធារាសាស្ត្រទំនប់ជីវ៉ើន និងប្រព័ន្ធធារាសាស្ត្រមេមងអូរស្វាយ ស្ថិតក្នុងឃុំស្រែចារ និងប្រព័ន្ធធារាសាស្ត្រព្រែកថ្លុង ស្ថិតក្នុងឃុំស្នួល។
ទន្ទឹមនឹងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានចុះពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ៣០០ហិកតា ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដែលជាកិច្ចសហការរវាងមន្ទីរជំនាញ និងរដ្ឋបាលខេត្តក្រចេះ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេះ ចំនួន ០២គ្រឿង និងស្ថានីយបណ្តែត ០១គ្រឿង ព្រមទាំងមានការឧបត្ថម្ភប្រេងឥន្ធនៈផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំដល់បងប្អូនប្រជាកសិករឱ្យចូលរួមប្រើប្រាស់ទឹកដោយស្មារតីសន្សំសំចៃខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រុញឱ្យមន្ត្រីបច្ចេកទេសមន្ទីរ ត្រូវចុះពិនិត្យ និងគ្រប់គ្រងទ្វារទឹកឱ្យបានហ្មត់ចត់ ដើម្បីរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់បានយូរអង្វែង ព្រមទាំងត្រូវតាមដានជាប់ជាប្រចាំលើស្ថានភាពបម្រែបម្រួលអាកាសធាតុ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

You might also like