តម្លៃប្រេងធ្លាក់មកនៅក្រោម ១០០ដុល្លារក្នុងមួយបារ៉ែល ក្រោយអាមេរិកដាក់សំណើបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់
(តូក្យូ)៖ តម្លៃប្រេងប្រភេទ Brent ដែលជាម៉ាកយីហោសកល បានធ្លាក់ចុះជិត ៦ភាគរយ នៅថ្ងៃពុធ ទី២៥ ខែមីនានេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជូនផែនការសន្តិភាពទៅកាន់អ៉ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
ក្នុងការជួញដូរនាពេលព្រឹក ប្រេងឆៅ Brent មានតម្លៃ ៩៨.៣០ដុល្លារក្នុងមួយបារ៉ែល ដែលបានធ្លាក់ចុះ ៥.៩២ភាគរយ។ រីឯប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ ៥.០១ភាគរយ មកនៅត្រឹម ៨៧.៧២ដុល្លារក្នុងមួយបារ៉ែល។
លោក ត្រាំ បានបញ្ជូនផែនការសន្តិភាពទៅឱ្យអ៉ីរ៉ង់ ជាមួយការសម្តែងសុទិដ្ឋិនិយម កាលពីថ្ងៃអង្គារ អំពីការឈានទៅបញ្ចប់សង្រ្គាមជិត ១ខែ ដែលបាននាំឱ្យទីក្រុងតេហេរ៉ង់ បិទខ្ទប់ការដឹកញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។
លោក Hiroyuki Kikukawa ប្រធានអ្នកយុទ្ធសាស្រ្តនៃក្រុមហ៊ុន Nissan Securities Investment បាននិយាយថា ការរំពឹងទុកនៃបទឈប់បាញ់បានកើនឡើងបន្តិច ហើយការទទួលបានប្រាក់ចំណេញកំពុងនាំមុខទីផ្សារ ប៉ុន្តែទស្សនវិស័យនៅតែមិនប្រាកដប្រជា ត្រង់ថាតើការចរចាទទួលបានជោគជ័យឬយ៉ាងណា ដែលវានឹងកំណត់ដល់ការលក់៕






