បង្ក្រាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាទ ចាប់រថយន្ដដឹកលៀសខុសច្បាប់៨តោនបម្រុងនាំទៅវៀតណាម និងឃាត់ខ្លួនមនុស្ស៣នាក់ នៅស្រុកសូទ្រនិគម

(សៀមរាប)៖ ក្រោមបទបញ្ជាបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប របស់លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្របឹង ទន្លេសាប នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងសហការរបស់យោធា ដឹកនាំដោយលោក ប៊ីរ ស្មីចន្នី មេបញ្ជាការរង និងកម្លាំងកងពលតូចស្មើជើងលេខ៥១ និងកងកម្លាំងភូមិភាគ៥ បានធ្វើការល្បាតលើផ្លូវជាតិលេខ៦ ចាប់ឃាត់បានរថយន្តដឹកលៀសខុសច្បាប់ ចំនួនពីរគ្រឿង គោលដៅដឹកទៅប្រទេសវៀតណាម ស្ថិតត្រង់ចំណុចភូមិសាស្ត្រ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
យោងតាមការបញ្ជាក់របស់លោកមេបញ្ជាការរង គោលដៅទី១ លើផ្លូវជាតិលេខ៦ វេលាម៉ោង៥៖៣០នាទី ធ្វើការចុះត្រួតពិនិត្យ និងឃាតរថយន្តបានចំនួនរថយន្តដឹកលៀសខុស ច្បាប់១គ្រឿង ម៉ាក LIBERO ពាក់ផ្លាកលេខកំពង់ធំ3A-3440 ដឹកលៀសចំនួន៤តោន នៅចំណុចភូមិសាស្ត្រ ភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប។
ចំណែកឯតៃកុងរថយន្តដឹកលៀសខុសច្បាប់ខាងលើ បានរត់គេចខ្លួនបាត់ រថយន្តត្រូវបានយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសកម្លាំងសហការរបស់យោធា យកទៅលែងក្នុងបឹងទន្លេសាបវិញ។
គោលដៅទី២ នៅលើផ្លូវជាតិលេខ៦ វេលាម៉ោង៨៖៣០នាទី កម្លាំងសហការរបស់យោធា បានធ្វើការចុះត្រួតពិនិត្យ និងឃាតបានរថយន្តដឹកលៀសខុសច្បាប់ចំនួន១គ្រឿងទៀត ម៉ាក LIBERO ពាក់ផ្លាកលេខសៀមរាប 2C-2184 ដឹកលៀសចំនួន៤តោន នៅចំណុចភូមិសាស្ត្រភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប ហើយបានឃាត់ខ្លួនថៅកែលៀស និងតៃកុងរថយន្តចំនួន២នាក់ ក្រុមការងារសហការរបស់យោធា បានយករថយន្តមករក្សាទុកនៅទីបញ្ជាការស្រាល។
ចំណែកឯមនុស្សធ្វើការប្រគល់ជូនទៅមន្ត្រីជំនាញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ និងលៀសបានយកទៅលែងក្នុងបឹងទន្លេសាបវិញ។
ក្នុងករណីកម្លាំងសហការរបស់យោធា ដឹកនាំដោយលោកមេបញ្ជាការរង តាមបទបញ្ជារបស់ថ្នាក់លើ បានចុះបង្ក្រាបបទល្មើសខាងលើ ជាលទ្ធផលសរុបរួម ឃាតរថយន្តបានចំនួន២គ្រឿង និងមនុស្សចំនួន៣នាក់ និងលៀសខុសច្បាប់បម្រុងដឹកទៅប្រទេសវៀតណាមចំនួន៨តោន៕

You might also like