កូឡុំប៊ី បញ្ចប់ប្រតិបត្តិការស្វែងរក និងបន្តស៊ើបអង្កេត ខណៈអ្នកស្លាប់ក្នុងការធ្លាក់យន្តហោះឡើងដល់ ៦៩នាក់

យោធាកូឡុំប៊ី បានប្រកាសនៅថ្ងៃពុធ (២៥ មីនា) នេះថា ខ្លួនបានបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះហើយ នៅក្នុងសោកនាដកម្មផ្លូវអាកាស ដែលបានមើលឃើញសមាជិកកងកម្លាំងសន្តិសុខកូឡុំប៊ីចំនួន ៦៩នាក់ បានស្លាប់ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅភាគខាងត្បូងនៃប្រទេស កាលពីថ្ងៃចន្ទកន្លងទៅ។
ការស៊ើបអង្កេតមួយកំពុងដំណើរការដើម្បីកំណត់មូលហេតុនៃគ្រោះថ្នាក់។ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ហាក់ដូចជាបានស្តីបន្ទោសទៅលើសម្ភារៈយោធាហួសសម័យចំពោះគ្រោះថ្នាក់នេះ។
មនុស្សជិត ៦០នាក់ក៏បានរងរបួសផងដែរ នៅពេលយន្តហោះយោធាប្រភេទ Hercules C-130 បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង នៅជិតព្រំដែនកូឡុំប៊ី ជាមួយប៉េរូ។ អ្នកស្រុកនៅក្បែរទីតាំងកើតហេតុបាននាំគ្នាជួយមនុស្សជាច្រើនចេញពីកម្ទេចកម្ទីរយន្តហោះដែលកំពុងឆាបឆេះ ហើយប្រញាប់បញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ។
កងកម្លាំងប្រដាប់អាវុធកូឡុំប៊ី បានបញ្ជាក់នៅថ្ងៃពុធនេះថា មនុស្សសរុបចំនួន ១២៦នាក់ បានជិះលើយន្តហោះដឹកជញ្ជូនមួយនេះ នៅពេលគ្រោះថ្នាក់កើតឡើង ហើយយន្តហោះនេះមានបំណងធ្វើដំណើរពីទីក្រុង Puerto Leguízamo ទៅកាន់ក្រុង Puerto Asís។ គ្រោះថ្នាក់នេះ គឺជាលើកទីពីរហើយ ដែលយន្តហោះ Hercules C-130 បានជួបគ្រោះថ្នាក់ដ៏អាក្រក់ក្នុងរយៈពេលប៉ុន្មានខែមកនេះ៕

You might also like