សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ
(ស្វាយរៀង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ទៀត ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ ទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ ៣០.៦លានដុល្លារអាេមរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
នាឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀងនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋនឹងនៅតែបន្តជម្រុញសេដ្ឋកិច្ចទីផ្សារសេរី ដោយក្នុងនោះការរៀបចំក្រុង ការរៀបចំភូមិ និងរៀបចំអភិវឌ្ឍន៍នៅមូលដ្ឋានគឺនៅតែមានជាបន្តបន្ទាប់ទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ជាមួយនឹងការបន្តអភិវឌ្ឍនៅតាមមូលដ្ឋាននេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ទោះជាយ៉ាងណាហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋរបស់យើងនឹងត្រូវខិតខំដោះស្រាយជាបន្តបន្ទាប់ទៀត មិនថាទឹកស្អាត មិនថាផ្លូវ, កន្លែងខ្លះប្រជាពលរដ្ឋ កន្លែងខ្លះវិស័យឯកជន កន្លែងខ្លះរដ្ឋនិងប្រជាពលរដ្ឋរួមគ្នាធ្វើ យើងនឹងធ្វើការដោះស្រាយបែបនេះ»។
បន្ថែមពីនេះសម្រាប់វិស័យទឹកស្អាត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាចូលរួមលើកម្ពស់ការអភិវឌ្ឍន៍ និងការគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានគុណភាព និងប្រសិទ្ធភាព និងមានតម្លៃសមរម្យ និងអាចឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕












