រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា ពិនិត្យមើលផ្ទាល់ស្ថានភាពព្រំដែន យោធាថៃដាក់ ទូកុងតឺន័រ និងបន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន១៦ស្ថានទូត និងអង្គការអន្តរជាតិចំនួន២ ទៅទស្សនកិច្ចស្ថានភាពព្រំដែនកម្ពុជា-ថៃ ពិនិត្យមើលផ្ទាល់ស្ថានភាពព្រំដែន យោធាថៃដាក់ ទូកុងតឺន័រ និងបន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។
អង្គទូតទាំងនោះ រួមមាន ប្រ៊ុយណេ, រុស្ស៊ី, ប៉ាគីស្ថាន,មីយ៉ាន់ម៉ា, គុយបា,ឥណ្ឌា,ទីម័រឡេស្តេ,ប្រេស៊ីល,ឡាវ,វៀតណាម,តួកគី,សហរដ្ឋអាមេរិក,ជប៉ុន,ចិន,ឥណ្ឌូនេស៊ី,និងម៉ាឡេស៊ី ព្រមទាំង ប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC)និង អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងនាំអង្គទូត និងអង្គការអន្តរជាតិ ទៅមើលស្ថានភាពរស់នៅជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តប្រមោយ ក្នុងឃុំប្រមោយ ស្រុកវាលវែង។ ប្រជាពលរដ្ឋទាំងនោះ បានជម្លៀសចេញពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្ន តំបន់ថ្មដាដែលជាទឹកដីរបស់កម្ពុជា ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័រ និងបន្លាលួសកាន់កាបឋក្រោយពីមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥៕

You might also like