អ្នកនាំពាក្យ ៖ រយៈពេលបីខែមកនេះ កម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងសេចក្តីប្រកាសរួម កម្ពុជា-ថៃ

គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦នេះ គឺមានរយៈពេល៣ខែគត់ ខណៈក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពកម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះថា បទឈប់បាញ់ជាលើកទីពីរវាងកម្ពុជា និងថៃនេះ កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូត ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេនក្នុងឆ្នាំ ២០២៥។ ដូច្នេះ នេះជាឱកាសដែលយើងគួររម្លឹកឡើងវិញពីអត្ថន័យនិងលទ្ធផលដែលកើតចេញពីបទឈប់បាញ់នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនជនរួមជាតិក្រោយសម្រេចបានបទឈប់បាញ់នេះថា កិច្ចខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់សបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយអនុលោមតាមអនុសញ្ញា សន្ធិអនុសញ្ញា និងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក៏បានគូសបញ្ជាក់ច្បាស់ថា កម្ពុជាដើរលើផ្លូវសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិរបស់ខ្លួនបានឡើយ។
អ្នកនាំពាក្យបន្តថា ការសម្រេចបាននូវសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ តាមរយៈកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ដែលក្នុងនោះមានចែងពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៥ចំណុចផ្សេងទៀតគឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដើម្បីបញ្ចៀសការស្លាប់ ការរងរបួស ការបង្ហូរឈាម និងសោកនាដកម្មដ៏មហន្តរាយមកលើប្រទេសជាតិ ដែលប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់រសជាតិយ៉ាងច្បាស់។
នេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងទៅ ដោយក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ តុលា ឆ្នាំ ២០២៥ ផងដែរ។ គោលដៅចម្បងគឺ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងបច្ចេកទេស ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា ក្រោមស្មារតីនៃសេចក្តីប្រកាសរួមនេះ យោធិនកម្ពុជា១៨ នាក់ត្រូវបានដោះលែងឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញកាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២៥ ខណៈដែលជនភៀសឹកជាង៩៤% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយគិតមកទល់ថ្ងៃនេះ។ ប៉ុន្តែ នៅសល់ជនភៀសសឹកជាង៣ម៉ឺន៦ពាន់នាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយដោយសារការរារាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការដាក់រាយបន្លាលួស និងទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង និងលួចយកទ្រព្យសម្បត្តិរបស់ពួកគេ។
អ្នកនាំពាក្យបញ្ជាក់ថាប្រឈមមុខចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាបន្តបន្ទាប់ និងយ៉ាងខ្លាំងក្លាប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើឱ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងពីសំណាក់កងកម្លាំងថៃ។ ទន្ទឹមនឹងនោះ កម្ពុជាក៏បាននិងកំពុងជំរុញឱ្យភាគីថៃអនុវត្តតាមស្មារតីចំណុចទី៣ និងទី៤នៃសេចក្តីប្រកាសរួមដែលភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត និងផ្តល់អាទិភាពខ្ពស់បំផុតដល់តំបន់ដែលមានជនស៊ីវិលរស់នៅ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន… និងអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈរដ្ឋលេខាធិការកិច្ចការព្រំដែនបានផ្ញើកំណត់ទូត៥លើកហើយទៅកាន់ភាគីថៃ គិតចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែងដើម្បីបន្តអនុវត្តន៍ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា និងកំណត់ខ្សែព្រំដែននៅទីតាំងមួយចំនួនក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាដើម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាព កម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

You might also like