អាស៊ានឯកភាពគ្នា មិនលើកពេលកិច្ចប្រជុំកំពូល ដែលគ្រោងធ្វើឡើងនៅខែឧសភា ប៉ុន្តែនឹងបន្ថយរបៀបវារៈ ដើម្បីផ្តោតជាចម្បងលើផលប៉ះពាល់ពីសង្រ្គាមមជ្ឈិមបូព៌ា

(ម៉ានីល)៖ នាថ្ងៃសុក្រ ទី២៧ ខែមីនា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន នឹងរៀបចំឡើងនៅខែឧសភាតាមការគ្រោងទុក ប៉ុន្តែនឹងកាត់បន្ថយមកនៅត្រឹមរបៀបវារៈចម្បងៗមួយចំនួន ដែលផ្តោតលើការដោះស្រាយបញ្ហាដូចជា ការផ្គត់ផ្គង់ប្រេងឥន្ធនៈ តម្លៃស្បៀង និងពលករចំំណាកស្រុក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោក Marcos បាននិយាយថា ការសម្រេចចិត្តនេះធ្វើឡើង ក្រោយការពិគ្រោះយោបល់គ្នាជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀត។ លោកប្រធានាធិបតីហ្វីលីពីន បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំបានសាកសួរទៅកាន់សមាជិកអាស៊ានថា ដោយសារគ្រប់គ្នាកំពុងមមាញឹកជាមួយវិបត្តិប្រេងបែបនេះ ដែលបង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា តើយើងទាំងអស់គ្នាចង់លើកពេលកិច្ចប្រជុំអាស៊ាន ដែរឬយ៉ាងណា។ ចម្លើយមូលមតិគ្នា គឺឥឡូវនេះជាពេលដ៏ចាំបាច់តែម្តង ដែលពួកយើងត្រូវសហការកិច្ចប្រឹងប្រែងរួមគ្នា។ ដូច្នេះវាជាអ្វីដែលយើងនឹងធ្វើ។ យើងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន តាមការគ្រោងទុក»។
លោក Marcos ដែលមានឋានៈជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ បានលើកឡើងថា កិច្ចប្រជុំនឹងបន្ថយរបៀបវារៈ មកត្រឹមផ្តោតសំខាន់លើប្រធានបទចម្បង៣ រួមមានប្រេង ស្បៀងអាហារ និងពលករចំណាកស្រុក។ លោក Marcos បានលើកឡើងថា កិច្ចប្រជុំខែឧសភា នឹងមានសារសំខាន់ជាខ្លាំង ដើម្បីជួយមេដឹកនាំប្រទេសអាស៊ានទាំងអស់ កំណត់នូវ «អ្វីដែលពួកយើងត្រូវធ្វើនាពេលអនាគត អ្វីដែលយើងត្រូវធ្វើសម្រាប់ឆ្នាំនេះ របៀបដែលយើងអាចជួយគ្នាទៅវិញទៅមក និងអ្វីទៅជាគោលជំហររបស់អាស៊ាន ពាក់ព័ន្ធផលប៉ះពាល់ដ៏ភ្ញាក់ផ្អើលភ្លាមៗទាំងនេះ ដែលកំពុងឆ្ពោះមករកពួកយើង»។
គួរបញ្ជាក់ថា សង្រ្គាមអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់នៅមជ្ឈិមបូព៌ា ចាប់តាំងពីចុងខែកុម្ភៈ បានជះផលប៉ះពាល់ជុំវិញពិភពលោក។ ដោយសារតែជម្លោះនេះ បណ្តាប្រទេសអាស៊ាន បានមើលឃើញតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសពួកគេ ហក់ឡើងខ្ពស់ខ្លាំង ដ្បិតច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវទឹកយុទ្ធសាស្រ្ត សម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័នប្រមាណ ២០ភាគរយរបស់ពិភពលោក ត្រូវបានបិទខ្ទប់សឹងទាំងស្រុង ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕

You might also like