ថៃ កំពុងមានភាពក្រអឺតក្រទមដោយព្យាយាមគេចវេសមិនចង់ចរចាជាមួយកម្ពុជា ដោយសន្តិវិធី ដោយសារតែអាងខ្លួនមានអំណាចយោធា កម្ពុជានៅតែប្រកាន់ជំហរចរចាដោយសន្តិវិធី

នៅចំពោះមុខជនភៀសសឹកនៅខេត្តពោធិសាត់ និងចំពោះមុខអង្គការអន្តរជាតិ និងអង្គទូតនានាប្រចាំនៅកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា កម្ពុជាតែងតែព្យាយាមដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ប៉ុន្តែប្រទេសដែលជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះ ហាក់បីដូចជាមានភាពក្រអើតក្រទម និងពិបាកនិយាយគ្នាខ្លាំងណាស់ដោយសារតែខ្លួនអាងលើអំណាចយោធា។
ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងទៀតថា កម្ពុជាមិនចង់មានសង្រ្គាម និងបង្ករឿងជាមួយអ្នក ជិតខាងនោះទេ ហើយកម្ពុជាពិតជាចង់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងតាមផ្លូវច្បាប់ខ្លាំងណាស់។ ប៉ុន្តែពិបាកនិយាយគ្នាណាស់ ពិបាកនិយាយគ្នាជាមួយអ្នកដែលអាងមានអំណាចកាំភ្លើង មានអំណាចយោធា មានអំណាចអាវុធនេះគឺគេមិនចង់ស្ដាប់ទេ…តែយ៉ាងណាក៏ដោយយើងនៅតែបន្តការតស៊ូ យើងនឹងបន្តស្វែងរកការគាំទ្រពីមិត្តក្នុងតំបន់ មិត្តលើឆាកអន្តរជាតិ។ ដូច្នេះហើយទើបសម្ដេចនាយករដ្ឋមន្ត្រីរបស់យើងខិតខំធ្វើការ ការទូតនៅអាមេរិក នៅអឺរ៉ុប ទៅគ្រប់ទីកន្លែងដែលអាចទៅបានដើម្បីយើងប្រាប់ការពិតទៅកាន់ពិភពលោក ដោយថៃមិនអាចបិទមាត់យើងបាននោះទេ។
ឯកឧត្តមប្រមុខការទូត ក៏បានលើកឡើងចំៗផងដែរថា ភាគីថៃមិនគោរពច្បាប់ ហើយចង់ បានទឹកដីកម្ពុជា ប៉ុន្តែជម្រើសរបស់កម្ពុជាមានតែផ្លូវការទូត ដោយយើងខិតខំធ្វើយ៉ាងណាឲ្យអន្តរជាតិ ជួយទទួលស្គាល់ការពិត ហើយឲ្យគេជួយចង្អុលមុខថៃដែលបានឈ្លានពានទឹកដីរបស់យើង។
ជាមួយគ្នានោះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានបញ្ជាក់ផងដែរថា ការដោះស្រាយជម្លោះព្រំដែនជាមួយថៃអាចនឹងត្រូវពេលវេលាយូរបន្តិចដែរ ដោយសារតែពិភពលោកមានគំរូមិនល្អ និយាយជារួមគឺវាជាគំរូអាក្រក់តែម្តងដោយប្រទេសប្រទេសខ្លះអាងមានកម្លាំងខ្លាំងផ្នែកយោធា ទៅយកដីរបស់ប្រទេសទន់ខ្សោយ។
យ៉ាងណាក៏ដោយឯកឧត្តមប្រាក់ សុខុន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបង ប្អូនដែលកំពុងភៀសសឹកបន្តទុកចិត្តលើរាជរដ្ឋាភិបាល និងទុកពេលឲ្យរាជរដ្ឋាភិបាលធ្វើការទាមទារអ្វីដែលបានបាត់បង់យកមកបងប្អូនប្រជាពលរដ្ឋយើងវិញបើទោះបីជាត្រូវពេលវេលាយូរបន្តិចក្តី៕

You might also like