មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឲ្យសិស្សានុសិស្សស្រុកស្វាយទាបជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវខិតខំសិក្សាដើម្បីឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ

រដ្ឋលេខាធិការធិការក្រសួងការពារជាតិ ឯកឧត្តម ម៉ឹង សំផន បានអំពាវនាវឲ្យសិស្សានុសិស្សទាំងអស់នៃ ស្រុកស្វាយទៀប ខេត្តស្វាយរៀង គប្បីជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងខិតខំរៀនសូត្រ ដើម្បីធ្វើយ៉ាងណា ឲ្យក្លាជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា រួមមាន ខ្លោងទ្វា របងថ្មសាលា និងជួសជុលអគារចំនួន ៤ខ្នង នៅក្នុងសាលាបឋមសិក្សា ម៉ឹង សំផន ដែលស្ថិតនៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះឯកឧត្តម ម៉ឹង សំផន បានផ្តាំផ្ញើរដល់សិស្សានុសិស្សត្រូវឱ្យខិតខំរៀនសូត្រក្រៀបយកចំណេះវិជ្ជា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ ហើយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន «ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន» និងមួយវិញទៀតត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរត្រូវពាក់មួក សុវត្ថិភាពឲ្យបានគ្រប់ៗគ្នាផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានលើកឡើងអំពីការខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នផងដែរ ក្នុងការកសាងប្រទេសជាតិឲ្យកាន់តែមាន ភាពរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ រួមទាំងវិស័យអប់រំជាដើម។ ដោយឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយវិស័យអបរំជាអាទិភាព ដើម្បីលើកកម្ពស់គុណភាពអប់រំនៅតាមសាលារៀនសាធារណៈ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រាជរដ្ឋាភិបាលផ្ដោតលើការងារសំខាន់ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និង ឥរិយាបថសិស្ស, ការយកចិត្តទុកដាក់លើសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា, និងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ដើម្បីការអប់រំ»។
ក្រោយសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាខាងលើនេះ ឯកឧត្តម ម៉ឹង សំផន ក៏បានអញ្ជើញចែកអំណោយ ក្រម៉ា និងថវិកាមួយចំនួន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង អញ្ជើញទៅពិនិត្យ អគារសាលា ខ្លោងទ្វា របងសាលា បន្ទាប់អនាម័យ និងថតរូបអនុស្សាវរីយ៍ផងដែរ៕

You might also like