ក្រសួងទេសចរណ៍ រៀបចំពិធីលែងត្រីជានិមិត្តរូបចូលក្នុងទន្លេ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០
(ក្រចេះ)៖ ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីលែងត្រីជានិមិត្តរូបចូលក្នុងទន្លេ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា ព្រមទាំងមានការចូលរួមពី លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងភរិយា។
ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក តំណាងផ្នែកឯកជន សមាគមយុវជន ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០០នាក់ ដែលបានមកចូលរួមយ៉ាងសកម្មនៅតាមដងទន្លេមេគង្គ នៃខេត្តក្រចេះ។ ជាមួយគ្នានេះដែរ សកម្មភាពនេះក៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងស្វែងយល់ពីសក្តានុពលធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។
សូមជម្រាបជូនផងដែរថា ពិធីព្រលែងត្រីនេះប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ បន្តនិរន្តរភាពជីវៈចម្រុះក្នុងប្រព័ន្ធទន្លេ បណ្ដុះស្មារតីស្រឡាញ់ធម្មជាតិ និងជំរុញឱ្យមានការចូលរួមការពារធនធានជលផល ដើម្បីបង្កើនផលស្តុកត្រីក្នុងធម្មជាតិ និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងទឹក៕






