ផ្ទុះមហាបាតុកម្មជាថ្មី ប្រឆាំងនឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ ក្រុមបាតុករប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននាំគ្នាចុះផ្លូវធ្វើបាតុកម្មយតវ៉ានៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបាតុកម្មជុំទី៣ក្រោមពាក្យស្លោកថា «គ្មានទេស្ដេច» ឬ «No Kings» ដែលក្រុមអ្នករៀបចំបាតុកម្មសង្ឃឹមថានឹងក្លាយជាមហាបាតុកម្មដ៏ធំបំផុតមួយ ក្នុងពេលត្រឹមមួយថ្ងៃ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមក្រុមអ្នករៀបចំបាតុកម្មតវ៉ា ព្រឹត្តិការណ៍ច្រើនជាង ៣២០០ ត្រូវបានគ្រោងទុកទូទាំងរដ្ឋ៥០របស់សហរដ្ឋអាមេរិក និងនៅតាមបណ្ដាទីក្រុងជាច្រើនផ្សេងទៀតនៅក្រៅសហរដ្ឋអាមេរិក។
បាតុកម្ម No Kings ២លើកកន្លងមក បានទាក់ទាញមនុស្សរាប់លាននាក់ចូលរួម។ បាតុកម្មតវ៉ាដែលមានអ្នកចូលរួមច្រើនជាងគេត្រូវបានរាយការណ៍នៅក្នុងទីក្រុង New York, Dallas, Philadelphia និងទីក្រុង Washington។
នៅក្នុងរដ្ឋ Minnesota ដែលជាចំណុចក្ដៅនៃយុទ្ធនាការបង្រ្កាបជនអន្តោប្រវេសន៍របស់រដ្ឋបាលលោក ត្រាំ ក្រុមបាតុករបានប្រមូលផ្ដុំគ្នាតវ៉ាសនៅខាងក្រៅទីក្រុង Saint Paul ហើយ ក្នុងនោះគេសង្កេតឃើញបាតុករជាច្រើននាំគ្នាលើផ្ទាំងរូបថតរបស់ពលរដ្ឋអាមេរិក២នាក់ឈ្មោះ Renee Good និង Alex Pretti ដែលត្រូវបានបាញ់សម្លាប់ដោយប៉ូលិសអន្តោប្រវេសន៍ ក្នុងទីក្រុង Minneapolis កាលពីដើមឆ្នាំ២០២៦។
គួរបញ្ជាក់ថា បាតុកម្ម No Kings កាលពីលើកទី១ ធ្វើឡើងចំថ្ងៃខួបកំណើតរបស់លោក ត្រាំ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ មានមនុស្សចូលរួមប្រហែល ៤ ទៅ៦លាននាក់ នៅទូទាំងទីក្រុងជិត ២១០០ របស់សហរដ្ឋអាមេរិក។ ចំណែក បាតុកម្មលើកទី២ មានមនុស្សចូលរួមប្រហែល ៧លាននាក់ នៅទូទាំងទីក្រុងជាង ២៧០០៕

You might also like