បញ្ជូនជនសង្ស័យ ៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់សារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាករណីចោលលួចម៉ូតូ យ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចំនួន ១នាក់ ឈ្មោះ រ៉ន រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ, ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ បាត់ ភេទប្រុស អាយុ២៤ឆ្នាំ (គេចខ្លួនបាត់) ព្រមទាំងដកហូតវត្ថុតាង ម៉ូតូចំនួន០២គ្រឿង។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះថា ដោយមានការសហការពីជនសង្ស័យឈ្មោះ រ៉ន រិទ្ធ នៅវេលាម៉ោង ០៨៖៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត ១៖ ឈ្មោះ ចិន ថាត់ ភេទប្រុស អាយុ ១៧ឆ្នាំ, ២៖ឈ្មោះ ពក រស្មី ភេទប្រុស អាយុ ១៧ឆ្នាំ, ៣៖ ឈ្មោះ ប៊ន រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ (មេក្លោង) ជនសង្ស័យទាំង០៣នាក់ស្នាក់នៅជំរុំជនភៀសសឹក ស្ថិតនៅវត្តច័ន្ទស៊ី ស្ថិតក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន០១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីកសាងសំណុំរឿងនិងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យឈ្មោះ ប៊ន រ៉ាត់ (មេក្លោង) បានឆ្លើយសារភាពថា ខ្លួនបានស្នាក់នៅបណ្តោះអាសន្ន នៅជំរុំជនភៀសសឹកវត្តច័ន្ទស៊ី តែម្នាក់ឯង ហេីយបានស្គាល់បក្ខពួកចំនួន០៥នាក់ ១៖ ឈ្មោះ យូសុះ រសាត ភេទប្រុស អាយុ២៦ឆ្នាំ,២៖ ឈ្មោះ គឹត ភេទប្រុស អាយុ២៤ឆ្នាំ, ៣៖ ឈ្មោះពក រស្មី ហៅក្រៅ ប្រុស ភេទប្រុស អាយុ១៧ឆ្នាំ, ៤៖ ឈ្មោះបាត់ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅមិនពិតប្រាកដ, ៥៖ ឈ្មោះណាក់ ភេទប្រុស អាយុ៣១ឆ្នាំ (បក្ខទាំង៥នាក់ជាមុខសញ្ញាលួចយ៉ាងសកម្ម ដែលកំពុងគេចខ្លួន) ដោយឈ្មោះ យូសុះ រសាត និងឈ្មោះ គឹត ភេទប្រុស អាយុ២៤ឆ្នាំ ពួកគេជាអ្នកធ្វើសកម្មភាពលួចកាច់សោរកម៉ូតូយ៉ាងសកម្ម ហើយរាល់ពេលដែលអ្នកទាំង២ លួចកាច់សោរកម៉ូតូ គឺពួកគេយកមកទុកក្នុងរោងស្នាក់នៅបណ្តោះអាសន្នរបស់ខ្លួន ហេីយបានឈ្មោះ រ៉ន រិទ្ធ ជាអ្នកយកម៉ូតូទៅលក់ ពេលលក់បានហើយ បែងចែកចំណែកដោយឈ្មោះ យូសុះ រសាតម និងឈ្មោះ គឹត បានប្រាក់ច្រើនជាងគេ។ ជនសង្ស័យក៏បានសារភាពថា ខ្លួនក៏បានប្រើប្រាស់គ្រឿងញៀនផងដែរ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី និងត្រូវបានបញ្ជូនបន្តទៅសាលាដំបូងខេត្ត៕

You might also like