សមិទ្ធផលថ្មីក្នុងដែនជម្រកសត្វព្រៃកែវសីមា អគារស្នាក់ការរង ៣ខ្នង និងអាហារដ្ឋានសហគមន៍ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តមណ្ឌលគិរី ៖ ក្នុងស្មារតីពង្រឹងកិច្ចការពារធនធានធម្មជាតិ និងលើកកម្ពស់សេវាកម្មទេសចរណ៍ធម្មជាតិ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការរងចំនួន ០៣កន្លែង អាហារដ្ឋាន និងសមិទ្ធផលនានាក្នុងសហគមន៍អណ្ដូងក្រឡឹង ស្ថិតក្នុងភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ គម្រោងសំណង់ទាំងនេះ កសាងឡើងក្រោមជំនួយឧបត្ថម្ភពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) តាមរយៈគម្រោងរ៉េដបូកកែវសីមា (Keo Seima REDD+) ដោយមានការចូលរួមពីលោក នេត វិបុល នាយករងអង្គការ WCS ប្រចាំកម្ពុជា រួមទាំងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។
ក្នុងឱកាសនោះ លោក ងិន សុវិមាន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដែនជម្រកសត្វព្រៃកែវសីមា ដែលមានផ្ទៃដីប្រមាណជាង ៣១ម៉ឺនហិកតា គឺជាតំបន់អភិរក្សដ៏មានសារៈសំខាន់បំផុតសម្រាប់ការពារជីវចម្រុះ និងរក្សាសមតុល្យបរិស្ថាន។ លោក បញ្ជាក់ថា ការបង្កើត និងកែលម្អអគារស្នាក់ការរងទាំងនេះ មានគោលបំណងចម្បងដើម្បីពង្រឹងសមត្ថភាពការងាររបស់មន្ត្រីឧទ្យានុរក្ស ក្នុងការស្នាក់នៅ និងចុះល្បាតដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ក្រៅពីកិច្ចការអភិរក្ស លោក អភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់លើវិស័យទេសចរណ៍ផងដែរថា សមិទ្ធផលថ្មីៗទាំងនេះ រួមទាំងអាហារដ្ឋានសហគមន៍ មានសក្តានុពលយ៉ាងខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅសហគមន៍អណ្ដូងក្រឡឹង ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍ធម្មជាតិ»។ លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន អង្គការ WCS និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងស្អិតរមួត ក្នុងការអនុវត្តគម្រោងរ៉េដបូកកែវសីមាឱ្យទទួលបានជោគជ័យ។ លោក ក៏បានលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍ទាំងអស់ ឱ្យបន្តខិតខំការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ រួមមាន៖១. អគារស្នាក់ការរង រកាថ្មី (អគារថ្មី)៖ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង។ ២. អគារស្នាក់ការរង ទួលពង្រ (អគារថ្មី)៖ ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា។ ៣. អគារស្នាក់ការរង ស្រែផ្លែង (ជួសជុលកែលម្អ)៖ ស្ថិតក្នុងភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា។៤. អគារអាហារដ្ឋានសហគមន៍ និងសមិទ្ធផលនានា(ទឹកជ្រោះឡែងកៅ) ក្នុងសហគមន៍អណ្ដូងក្រឡឹង ស្រុកអូររាំង៕






