ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. បន្តខិតខំប្រឹងប្រែងអភិវឌ្ឍជំនាញសុខាភិបាលឌីជីថល
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្តដល់សមាជិកសមាជិកា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. បន្តខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះ ជំនាញ និងបន្តការងារស្រាវជ្រាវ នវានុវត្តន៍ ទាក់ទងនឹងប្រព័ន្ធសុខាភិបាលឌីជីថលបន្ថែមទៀត ដើម្បីចូលរួមចំណែកពង្រឹងភាពធន់ និងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ការលើទឹកចិត្តនេះ បានធ្វើឡើងក្នុងសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទវេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិន លើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងការវះកាត់បែបទំនើប» នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅសាកលវិទ្យាល័យប៊ែលធី សាខាចោមចៅ។
នៅសន្និសីទ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ដែលបានខិតខំប្រឹងប្រែងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់ដំណាក់កាលទាំងអស់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ការរៀបចំវេទិកាវេជ្ជសាស្រ្តអន្តរជាតិកម្ពុជា-ចិន លើកទី៦នេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងសភាពការណ៍ពិត និងតម្រូវការជាក់ស្តែងក្នុងសង្គមកម្ពុជាយើង ក៏ដូចជាពិភពលោកទាំងមូល ដែលកំពុងស្ថិតនៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) និងកំពុងវិវត្តយ៉ាងឆាប់រហ័សគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល និងក៏ជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមិត្តចិន កាន់តែស្អិតរមួត។
ជាមួយគ្នានេះ ឯកឧត្តម ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក.បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងរាយការណ៍សង្ខេបអំពីសកម្មភាព និងបង្ហាញពីសមិទ្ធផលការងារជាច្រើនដែលបានលេចចេញជារូបរាងឡើងទាំងឆាកជាតិ និងអន្តរជាតិរបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងរយៈពេល១២ឆ្នាំ៕






