បណ្ឌិត គិន ភា ៖ ឈឺចាប់ដោយមិនហ៊ានស្រក់ទឹកភ្នែក, សោកស្ដាយ ដោយមិនហ៊ានវាចា

ទាហានសៀមនិងរដ្ឋាភិបាលសៀមបណ្តោយឱ្យពលរដ្ឋសៀម ជាពិសេសក្រុមជ្រុលនិយមសៀម កកូរកកាយនិងធ្វើសកម្មភាពថោកទាបតាមអំពើចិត្តនៅតាមបណ្ដោយព្រំដែនខ្មែរយើង ដែលគេចូលមកឈរជើង កាន់កាប់ និងគ្រប់គ្រងដោយខុសច្បាប់។ ទាំងប្រជាពលរដ្ឋសៀមនិងអ្នកនយោបាយសៀមគ្រប់និន្នាការ គេចាត់ទុកអំពើឈ្លានពានរបស់ទាហានសៀមលើទឹកដីខ្មែរយើងថា ជារឿងត្រឹមត្រូវនិងត្រូវធ្វើទៀតផង។
ចំណែកប្រជាពលរដ្ឋយើងបានត្រឹមតែឈឺចាប់ គឺឈឺចាប់ដោយមិនហ៊ានស្រក់ទឹកភ្នែក។ ប្រជាពលរដ្ឋយើងបានត្រឹមតែសម្លឹងមើលគេដុតបំផ្លាញផ្ទះសម្បែងនិងទ្រព្យសម្បត្តិខ្លួនឯងទាំងអារម្មណ៍សោកសៅនិងស្ដាយស្រណោះរកអ្វីប្រៀបផ្ទឹមពុំបានដោយគ្មានវាចា។ ស្រែចម្ការនិងភូមិករដែលធ្លាប់រស់នៅរាប់ជំនាន់មកហើយ ត្រូវបានចោរឈ្លានពានយកលួសបន្លានិងទូកុងតឺណ័រមកហ៊ុំព័ទ្ធ ចូលមិនបាននិងបង្កបង្កើនផលមិនកើត។
ហេតុអ្វី? យើងត្រូវទទួលស្គាល់ថា យើងចាញ់ប្រៀបគេទាំងយោធា សេដ្ឋកិច្ច ការទូត ព័ត៌មាន ចំនួនប្រជាជន និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ជាពិសេសមតិពាក់ព័ន្ធនឹងរឿងទឹកដី។ មានប្រជាពលរដ្ឋខ្មែរតិចណាស់ដែលហ៊ានបញ្ចេញមតិរឿងទឹកដី ហើយភាគច្រើននៃអ្នកបញ្ចេញមតិ ច្រើនប្រើអារម្មណ៍និងមនោសញ្ចេតនា ឬនិន្នាការនយោបាយផ្ទាល់ខ្លួន ដោយមិនផ្អែកលើឯកសារឬភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់ឡើយ។
រីឯបញ្ញវន្តមួយចំនួនយកបញ្ហាទឹកដីនិងព្រំដែនទៅជាវេទិកាជជែកយកឈ្នះចាញ់ផ្ទាល់ខ្លួន, បញ្ញវន្តខ្លះជ្រុលនិយមនិងខ្មៅងងឹតជ្រុល រហូតរកមើលចំណុចវិជ្ជមានមិនឃើញ, បញ្ញវន្តខ្លះចាំតែបន្ទរនិងហៃអើដើម្បីផលប្រយោជន៍លាភសក្ការ:ផ្ទាល់ខ្លួន, រីឯបញ្ញវន្តខ្លះទៀតសម្ងំសុខ នៅឆ្ងាយពីបញ្ហា មិនអើពើ មិនខ្វល់ មិនបញ្ចេញមតិអ្វីទាំងអស់។ បើបញ្ញវន្តមិនជួយនិយាយ ជួយពន្យល់ និងជួយផ្សព្វផ្សាយប្រកបដោយគោលជំហរជាតិ ឯកសារ ច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់, តើទុកឱ្យនរណាជួយពន្យល់បងប្អូនប្រជាពលរដ្ឋយើង ឬទុកឱ្យសត្រូវឈ្លានពានប្រើពលឌីជីថលរបស់គេ មកបំពុលជាតិសាសន៍យើង?
កាលណាយើងខ្សោយ យើងក្រ, គេប្រមាថ គេឈ្លានពានហើយ, ដូច្នេះ យើងត្រូវពង្រឹងខ្លួនឱ្យយើងខ្លាំងនិងមាន, ប៉ុន្តែសំណួរសួរថា តើយើងត្រូវពង្រឹងខ្លួនពេលណា? ចាប់ពីចំណុចណាមុនគេ?
ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

You might also like