គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ៣៥៧គ្រួសារ នៅមូលដ្ឋានស្រុកម៉ាឡៃ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី២៩ ខែ មីនា ឆ្នាំ២០២៦ នេះ ដើម្បីចូលរួមចំណែកកាត់បន្ថយនូវហានិភ័យនៃគ្រោះមហន្តរាយនៅក្នុងមូលដ្ឋានស្រុកម៉ាឡៃ នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក អនុប្រធាន លេខាធិការ សមាជិកា គណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកម៉ាឡៃ ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារងាយរង គ្រោះនៅក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ ឯកឧត្តម អ៊ុំ រ៉ាត្រី ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយបងប្អូនជនប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងជួបការខ្វះខាតចំនួន៣៥៧គ្រួសារ។ ជាការពិតណាស់ សម្ដេចប្រធានតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋរៀងរាល់ពេល ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយគឺស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។
ឯកឧត្តមប្រធានក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋខិតខំថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ បរិស្ថានស្អាត រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងសូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសារអាកាសធាតុមានការប្រែប្រួលអាចមានជាភ្លៀងលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ទ្រាក់ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ បន្ថែមពីនេះសូមបងប្អូនបន្តចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងកាចសាហាវផ្សេងៗដូចជំងឺកូវីដ-១៩ ផ្ដាសាយបក្សី(H5N1) គ្រុនចាញ់ គ្រុនឈីក-គ្រុនឈាម និងចូលរួមកំចាត់ជំងឺមិនឆ្លងតាមរយៈការបរិភោគអាហារមិនមានរសជាតិផ្អែមពេក ប្រៃពេកកាត់បន្ថយការពិសារភេសជ្ជៈកំប៉ុង និងចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា បង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងអគ្គិសនីឱ្យបានខ្ពស់នៅរដូវក្ដៅនេះផង។
សម្ភារៈផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួនផងដែរ៕






