ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ដិសេធការយកប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត

(ភ្នំពេញ)៖ នៅក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹកពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនបងប្អូននៅទីនោះអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។
ជាអកុសលក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិតបានយកប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមូលបង្កាច់ថាកម្ពុជា «សុខចិត្តកាត់ដី ឱ្យតែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមនេះ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ជូនបន្ថែមថា នៅគ្រប់វេទិកាជាតិ និងអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី តែងរំលឹកថា ប្រទេសកម្ពុជា និងថៃ មានព្រំដែនអន្តរជាតិ កំណត់តាមផែនទីគូសដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអំណាចនៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំងនិងសៀម។
ឧបឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏តែងបានបញ្ជាក់អំពីជំហរជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងការវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនលើដីជាក់ស្តែងប្រសិនបើរកឃើញថាមានការកាន់កាប់ហួសខ្សែព្រំដែន ភាគីកម្ពុជាក៏ដូចជាភាគីថៃ ត្រូវតែប្រគល់ដីទៅវិញទៅមកទាំងសងខាងដូចគ្នា ដែលនេះគឺជាឆន្ទៈត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែនដែលបន្សល់ទុកពីបារាំង។
តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (Joint Boundary Commission/JBC) ដែលត្រូវបានបង្កើតឡើងដោយអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) កម្ពុជាបានខិតខំធ្វើការជាមួយសមភាគីថៃអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ដើម្បីវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនឱ្យកាន់តែ ច្បាស់លាស់នៅលើដីជាក់ស្តែង និងប្រកបដោយភាពយុត្តិធម៌ ផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាព សំដៅបង្កើតនូវព្រំដែនសន្តិភាព សហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។ កម្ពុជានៅតែប្តេជ្ញាចិត្ត ចំពោះជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយផ្អែកលើច្បាប់ តែទន្ទឹមនេះមិនទទួលយកជាដាច់ខាតនូវការកំណត់ព្រំដែនតាមការប្រើកម្លាំង៕

You might also like