ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ចាប់ផ្តើមដំឡើងថ្លៃសំបុត្រយន្តហោះ បន្ទាប់ពីតម្លៃប្រេងឥន្ធនៈកើនឡើង
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ ចំនួន១៨ក្រុមហ៊ុន ក្នុងចំណោម ៣៦ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការហោះហើរដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូលកម្ពុជា បានចាប់ផ្តើមដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្លាំង ក្រោយរងផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើងខ្លាំង ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួន សម្រេចដំឡើងថ្លៃសំបុត្រយន្តហោះ ដោយបានគិតបន្ថែមតម្លៃសម្រាប់ប្រេងឥន្ធនៈ លើតម្លៃសំបុត្រយន្តហោះមូលដ្ឋាន ដើម្បីស្របតាមការកើនឡើងនៃថ្លៃប្រេងឥន្ទនៈ។ ការដំឡើងតម្លៃ បន្ថែមសម្រាប់ប្រេងឥន្ធនៈ(YQ) គឺធ្វើឡើងតាមដំណាក់ផ្លូវហោះហើរ គឺអាស្រ័យលើចម្ងាយជិត-ឆ្ងាយ ជាក់ស្តែងរបស់ក្រុមហ៊ុនអាកាសចរណ៍។
បើតាមអ្នកនាំពាក្យរូបនេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៤ រួមមាន ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia(K6), ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (KT), Cambodia Airway (KR) និងSky Angkor Ailines (ZA) មានការកើនឡើងថ្លៃសំបុត្រយន្តហោះជាមធ្យមភាគ ប្រមាណពី ៥ដុល្លារទៅ ៣២.៥ដុល្លារ ដែលគិតជាមធ្យមភាគមានចំនួន ប្រមាណ ២១ដុល្លារ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍បរទេស មានការកើនឡើងគិតជាមធ្យមភាគចំនួន ប្រមាណ ២៨ដុល្លារ។ ពោលគឺការកើនឡើងថ្លៃសំបុត្រយន្តហោះ ទាំងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ សរុបជាមធ្យមភាគ (Total Airline’s Average) ប្រមាណ ២៤ ដុល្លារ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិចំនួន៤ និងអន្តរជាតិចំនួន ៣២ និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ១៧ ប្រទេស និង៤៦ ទីក្រុង។ ក្នុងចំណោម ១៧ ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ ប្រទេសក្នុងតំបន់អាស៊ាន (លើកលែង ប្រទេស ព្រុយណេ និងទីម័រខាងកើត) រីឯប្រទេសក្រៅតំបន់អាស៊ានរួមមាន ប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងតួកគី៕






