កម្ពុជា-សឹង្ហបុរី ដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(QRCode) ដំណាក់កាលទី២

កម្ពុជា-សឹង្ហបុរី ដាក់ឱ្យដំណើរការជាផ្លូវការ លើការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(QRCode) ដំណាក់កាលទី២ (សឹង្ហបុរីស្កេនខេអេចឃ្យូអរកូត ប្រទេសកម្ពុជា) ដើម្បីសម្រួលដល់ប្រជាជនសឹង្ហបុរីអាចស្កេនទូទាត់ថ្លៃទំនិញ និងសេវា តាមខេអេឃ្យូរអរកូតនៃគណនីប្រាក់រៀល។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធី ដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាល ទី២៖ នៅរាជធានីភ្នំពេញ។ ការដាក់ឱ្យដំណើរការទូទាត់ឆ្លងដែននេះ នឹងសម្រួលឱ្យប្រជាជនសិង្ហបុរី អាចស្កេនទូទាត់ថ្លៃទំនិញ និង សេវាតាមខេអេចឃ្យូអរកូតនៃគណនីប្រាក់រៀល របស់ពាណិជ្ជករប្រមាណជាង ៤,៥ លានកន្លែង នៅទូទាំងប្រទេសកម្ពុជា ដោយប្រើ ប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័សនិងសុវត្ថិភាព ដែលនឹងរួមចំណែកពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។
លោក Chia Der Jiun នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក៏បានចូលរួមតាមប្រព័ន្ធអនឡាញ និងបានបង្ហាញពីការ ប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន និងការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែរឹងមាំ។
លោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា លើកឡើងថា ការទូទាត់ឆ្លងដែននេះពិតជាមានសារៈសំខាន់ ណាស់ ជាមធ្យោបាយដែលផ្តល់ភាពងាយស្រួលដល់ការទូទាត់ ដោយមិនចាំបាច់ស្វែងរកបញ្ជ និងមានសុវត្ថិភាពខ្ពស់ ក្នុងនោះប្រទេសសឹង្ហបុរី មានពាណិជ្ជករដែលអាចធ្វើការទូទាត់បាននាឆ្នាំកន្លងមក ចំនួនប្រមាណ ៣ ម៉ឺនដៃគូ និងនៅក្នុងឆ្នាំ២០២ នេះ គ្រោង ប្រមាណ ៤,៧ ម៉ឺន ហើយនៅឆ្នាំ២០២៧ នឹងបង្កើនដៃគូអាចទូទាត់បានឱ្យដល់ ១០ ម៉ឺនកន្លែង ហើយតាម រយៈនឹងជួយដល់ការធ្វើ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។
សមិទ្ធផលខាងលើនេះ បានកើតចេញពីគំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍគម្រោង មានធនាគារទំនាក់ទំនងចំនួន២គឺ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារហ្វីលីព ភីអិលស៊ី ដែលមានភាគទុនិកមកពី Phillip Group សិង្ហបុរី និងប្រតិបត្តិករ Liquid នៃ ប្រទេសសិង្ហបុរី ដែលសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទាំងវិស័យសាធារណៈនិងវិស័យឯកជន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ការដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី២នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ ការតភ្ជាប់ការទូទាត់ឆ្លងដែនជាឌីជីថល ស្របតាមទស្សនវិស័យរបស់អាស៊ាន ក្នុងការអភិវឌ្ឍការធ្វើអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ក្នុងការធ្វើប្រតិបត្តិការទូទាត់ ដើម្បីជំរុញនិងសម្រួលសកម្មភាពពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍រវាងប្រទេសក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

You might also like