ពេលដៃជាប់ខ្នោះទើបស្រណោះខ្លួនឆ្លើយដាក់ថា ជារបស់ប្អូនផ្ញើខ្លួនឲ្យលក់គ្រឿងញៀន

ខេត្តកណ្តាល ÷ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បើទោះខំឆ្លើយថាជារបស់ប្អូនផ្ញើឲ្យខ្លួនលក់ ជាមួយវត្ថុតាង គ្រឿងញៀនចំនួន៧កញ្ចប់ធំ ទម្ងន់ សរុប ១,៤៧ក្រាម។ ហេតុការណ៍នេះកើតឡើងពីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦ នៅចំណុចផ្ទះជួលដែលស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះ អ៊ុល សេងហៃ អាយុ៣១ឆ្នាំ ជនជាតិខ្មែរគ្មានមុខរបរពឹតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិសង្កាត់កើតហេតុ ។ វត្ថុតាងចាប់យកថ្នាំញៀនប្រភេទ ម៉ាទឹកកក៧ កញ្ចប់ធំទម្ងន់សរុប ១,៤៧ក្រាម,ថង់សម្រាប់វេចខ្ចប់មួយចំនួន។
លោកអធិការបន្តទៀតថា នៅវេលាកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ធភ្លាម លោកបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកហូរ បានចុះទៅដល់ទីតាំងខាងលើ ក៏ប្រទះឃើញស្ត្រីជាជនសង្ស័យកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ ដោយមានការសង្ស័យ កម្លាំងក៏បានឃាត់សួរនាំត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន០៧កញ្ចប់ដែលជនសង្ស័យលាក់ទុកនៅក្នុងខោដាក់នៅក្បែរខ្លួន។
ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំង៧កញ្ចប់នេះ ជារបស់ប្អូនថ្លៃ ឈ្មោះ អ៊ុន សារ័តុ្ន ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅមិនពិតប្រាកដ បានឱ្យស្ត្រីម្នាក់ទៀតមិនស្គាល់ឈ្មោះ អាយុប្រហែល៤៦ឆ្នាំ មាឌធំ សម្បុរសណ្តែកបាយ មិនស្គាល់ទីលំនៅយកមកផ្ញើឱ្យខ្លួនដើម្បីលក់បន្តក្នុងតម្លៃ១កញ្ចប់ ១០.០០០រៀល (មួយម៉ឺនរៀល) បា្រកដមែន។
ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like