សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឈុន សន្យាសហការផ្សព្វផ្សាយទាក់ទងអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្តាក់ទុន និងទស្សនានៅកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Joo-Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឈុន (Incheon Chamber of Commerce and Industry-ICCI) និងគណៈប្រតិភូជានាយកប្រតិបត្តិក្រុមហ៊ុនធំៗ ក្នុងតំបន់លើវិស័យផ្សេងៗ ចូលជួបសម្តែងការគួរសមពិភាក្សាការងារ និងស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច និងសង្គមពិត ព្រមទាំងកាលានុវត្តភាពវិនិយោគ និងសក្តានុពលទេសចរណ៍កម្ពុជា ក្នុងឱកាសទស្សនកិច្ចស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបនេះ គណៈប្រតិភូកូរ៉េ សូមគោរពថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងរាយការណ៍ពីចំណាប់អារម្មណ៍ខ្ពស់លើសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជាដែលមាន ជាពិសេសគឺកត្តាសន្តិភាព ស្ថេរភាពនយោបាយ សុខសុវត្ថិភាព និងការអភិវឌ្ឍនានាដែលធានាបានដោយរាជរដ្ឋាភិបាលកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ និងថ្លែងអំណរគុណចំពោះការជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់កម្ពុជាដែលគណៈប្រតិភូបានជ្រាបនាពេលនេះ ជាពិសេសការចាត់វិធានការណ៍ដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាលើការលុបបំបាត់ចោលទាំងស្រុងនូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញកំណត់ត្រឹមខែមេសា ឆ្នាំ២០២៦ តាមបទបញ្ជាដាច់ខាត និងដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ ការផ្សព្វផ្សាយរួម ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍កម្ពុជា និងកូរ៉េ ព្រមទាំងការបង្កើតកញ្ចប់ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងធុរជនឱ្យកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកំណើនធុរជន និងភ្ញៀវទេសចរកូរ៉េមកកម្ពុជាឱ្យកាន់តែច្រើនឡើងនាឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
គួរបញ្ជាក់ផងដែរថា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឈុន (ICCI) បានបង្កើតឡើងតាំងពីឆ្នាំ១៨៨៥ ហើយកម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១។ ជាមួយគ្នានេះ តាមរយៈសមាជិកភាពនេះ ICCI បានជួយគាំទ្រកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់អាជីវកម្មអន្តរជាតិ និងការរៀបចំជំនួបអាជីវកម្ម (B2B) ផ្សេងៗ ដែលមានសមាជិកចូលរួមជាង២៨ប្រទេសផងដែរ៕






