អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ក្នុងខណ្ឌមានជ័យ!
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ការបង្ក្រាបនេះ ដោយមានការសហការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋតាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ចំពោះការ នាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត ហើយករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការបង្ក្រាបជាបន្តបន្ទាប់ជាច្រើនទីតាំងមកហើយ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលា សូមមហាជនចូលរួមសហការណ៍ផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie គ្រប់ពេលវេលា៕







