ស្នៀនឃុំ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវលេខ១៤៣ ភូមិទួលគក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន អាចជាប់ពន្ធនាគារ ១ ទៅ៣ឆ្នំា
ខេត្តកំពងស្ពឺ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្ត បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្តីពីការចោទប្រកាន់លើជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវលេខ១៤៣ ភូមិទួលគក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្ត ឱ្យដឹងថា អយ្យការអមសាលាដំបូងខេត្តបានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៥៨ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់រថយន្តបុកម៉ូតូ២គ្រឿង នៅផ្លូវលេខ១៤៣ភូមិទួលគក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ។
គ្រោះថ្នាក់នេះ បង្កឡើងដោយអ្នកបើកបររថយន្តឈ្មោះ មិន ហេង បើកបររថយន្ត ម៉ាកហុីលុច រេវ៉ូ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BK-៩៧៨១ (បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ដែលមានអត្រាជាតិអាល់កុល ០,៩៥មិលី្លក្រាមក្នុង១លីត្រខ្យល់) ធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង ។
រថយន្តនេះ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១F-៦១១៧ បើកបរដោយឈ្មោះ ទឹម សារ៉េត និងម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ប៊ីត ១១០សេសេ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១KG-២៦៦១ បើកបរដោយឈ្មោះ សែម ស្រីទី ស្របទិសគ្នានៅខាមុខ ។
គ្រោះថ្នាក់នេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះទឹម សារ៉េត ស្លាប់នៅកន្លែងកើតហេតុ និងអ្នកបើកបរម៉ូតូឈ្មោះ សែម ស្រីទី រងរបួស ។
ក្រោយពីបានពិនិត្យភ័ស្តុតាង និងឯកសារពាក់ព័ន្ធក្នុងសំណុំរឿងទាំងមូលរួចមក តំណាងអយ្យការបានសម្រេចបើកការចោទប្រកាន់ប្រឆាំងលើជនឈ្មោះ មិន ហេង ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ។ តាមបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកបណ្តាលឲ្យរបួសអ្នកដទៃ និងបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបណ្តាលឲ្យស្លាប់អ្នកដទៃ ប្រព្រឹត្តនៅផ្លូវលេខ១៤៣ ភូមិទួលគក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ។
តាមបញ្ញត្តិមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨៦ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ៕






