កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនបរទេស២០នាក់

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងដីឡូត៍មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លូនជនបរទេស២០នាក់ រួមមានជនជាតិចិន១៩នាក់ និងស្រ្តីកៀរគីស្ថានម្នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមថាទីតាំងដីឡូត៍ខាងលើ មានលួចបង្កប់ប្រព្រឹត្តបទល្មើស Online Scam កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ និងអាជ្ញាធរ បានបើកប្រតិបត្តិការភ្លាមៗស្រាវជ្រាវ ហើយឈានដល់ការឆ្មក់បង្ក្រាបជាក់ស្តែង។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ជនបរទេស២០នាក់ និងដកហូតសម្ភារជាច្រើនទៀតដែលបម្រើឲ្យការប្រព្រឹត្តនៃបទល្មើសមួយនេះ។

នៅពេលនេះសម្រាប់ជនល្មើស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ និងរក្សាទុក ដើម្បីចាត់ការបន្តទៀត៕

You might also like