ទាហានល្បាតថៃ ២ នាក់ ត្រូវក្រុមឧទ្ទាមផ្តាច់ខ្លួនលបវាយឆ្មក់នៅខេត្តប៉ាតានី អស់ជីវិតទាំងវ័យក្មេង
• កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ កន្លងទៅនេះ ក្រុមឧទ្ទាមផ្តាច់ខ្លួននៅខេត្តប៉ាតានី ប្រទេសថៃ បានបើកការវាយប្រហារផ្តាច់ជីវិតទាហានល្បាតចំនួន ២ នាក់ ខណៈកំពុងជួយជួសជុលផ្ទះឱ្យអ្នកភូមិ។
• តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅម៉ោងប្រហែល ៨ និង ៣៩ នាទីយប់ ឃុំតាឡូដឌឺរ៉ាម៉ាន ស្រុកកាផូ ខេត្តប៉ាតានី។
• ការស៊ើបអង្កេតដំបូងបានបង្ហាញថា នៅពេលកើតហេតុ ទាហានល្បាតទាំង ២ នាក់ ដែលមានម្នាក់អាយុ ៣០ ឆ្នាំ និងម្នាក់ទៀតអាយុ ២៨ ឆ្នាំ បានកំពុងជួយជួសជុលផ្ទះប្រជាជននៅក្បែរហាងតែមួយកន្លែងនៅក្នុងភូមិ។
• ខណៈមិនទាន់ជួសជុលហើយផង ស្រាប់តែត្រូវក្រុមជនបង្កធ្វើការឆ្មក់បាញ់ប្រហារ ធ្វើឱ្យទាហានទាំង ២ បានបាត់បង់ជីវិតនៅនឹងកន្លែងម្នាក់ ឯម្នាក់ទៀតបានស្លាប់ពេលកំពុងបញ្ជូនទៅសង្រ្គោះ។ ក្នុងនោះ ក៏មានសាច់ញាតិរបស់ទាហានម្នាក់ក្នុងចំណោមនេះ បានរងរបួសធ្ងន់ដែរ។
• ដោយឡែក ក្រោយពីបង្កហេតុហើយ ក្រុមជនបង្កក៏បានរត់គេចខ្លួនបាត់ស្រមោល ហើយគេមិនដឹងថាក្រុមនេះមានសមាជិកប៉ុន្មាននាក់ឱ្យប្រាកដទេ ព្រោះមិនមានសាក្សីផ្ទាល់នៅកន្លែងកើតហេតុ។
• ក្រោយពីកើតហេតុ ខាងប៉ូលិសនៅប៉ុស្តិ៍កាផូ រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងឡាយ បានធ្វើការចុះទៅត្រួតពិនិត្យ ដើម្បីប្រមូលភស្តុតាង។
• អាជ្ញាធរក៏នឹងធ្វើការស្រាវជ្រាវរកជនល្មើស ជាពិសេសគឺស៊ើបអង្កេតឱ្យច្បាស់ថាការបាញ់ប្រហារនេះទាក់ទងនឹងរឿងនយោបាយ ឬជម្លោះផ្ទាល់ខ្លួនផងដែរ៕






