អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជូនពរឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ !

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ខាល សលមែន (Kyle Saltzman) នាយការិយាល័យឣនុព័ន្ធយោធាសហរដ្ឋឣាមេរិកប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់លោកវរសេនីយ៍ឯក ខាល សលមែន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ នាឱកាសនេះ។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ច ការបណ្ដុះបណ្ដាល និងការពិភាក្សាលើគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរ ជាដើម។

ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលបានចូលចតនាវានៅកម្ពុជា ជាបន្តបន្ទាប់ និងបានអរគុណសហរដ្ឋអាមេរិក ដែលបានលុបចោលការហាមឃាត់លក់អាវុធឲ្យកម្ពុជា ក៏ដូចជាការផ្ដល់ឡើងវិញនៃវគ្គបណ្ឌិតសភាយោធា និងវគ្គផ្សេងៗទៀតដល់សិក្ខាកាមកម្ពុជា។

ឯកឧត្តម អគ្គមេបញ្ជាការ បានសម្ដែងសុទិដ្ឋិនិយមថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មនានា។

ជាមួយនោះ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានសន្យាថានឹងបន្តការងាររុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និងការធ្វើសមយុទ្ធយោធារួមគ្នាផងដែរ។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ខាល សលមែន បានសម្តែងមនោសញ្ចេតនារីករាយ និងបានប្រសិទ្ធពរជ័យជូនឯកឧត្តមអគ្គមេបញ្ជាការ និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យក្នុងភារកិច្ចបម្រើជាតិមាតុភូមិ។

លោកវរសេនីយ៍ឯក បានឯកភាពចំពោះការវាយតម្លៃនូវការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក និងជឿជាក់ថា ទៅថ្ងៃអនាគតទំនាក់ទំនងនេះនឹងត្រូវបានពង្រឹងពង្រីកកាន់តែល្អប្រសើរថែមទៀត៕

You might also like