ដោយក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ, លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិ MJP ដែលបានបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍, ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា, សកម្មភាពការងារគាំទ្រសហគមន៍, សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ ។
គួរបញ្ជាក់ជូនថា ដោយការស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie បាននិងកំពុងបំពេញការងារមនុស្សធម៌ជាច្រើននៅកម្ពុជា ជាពិសេស ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌, សិល្បៈភាពយន្ត, អប់រំ, សុខាភិបាល, ការគាំទ្រដល់គម្រោងសហគមន៍ និងទេសចរណ៍ប្រកបដោយចីរភាព, ព្រមទាំងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈខ្សែភាពយន្ត First They Killed My Father និង Tomb Raider ជាដើម។






