ថៃ ប្រកាសអាសន្នក្នុងខេត្តចំនួន៣ ដោយសារភ្លើងឆេះព្រៃ និងកម្រិតភាគល្អិតនិចល PM2.5 កើនឡើង

(បាងកក)៖ អាជ្ញាធរថៃនៅក្នុងខេត្ត Chiang Mai Lamphun និងខេត្ត Phayao បាន ប្រកាសអាសន្ន ខណៈភ្លើងឆេះព្រៃ និងកម្រិតភាគល្អិតនិចល PM2.5 កំពុងកើនឡើង។ ការប្រកាសអាសន្ននេះគ្រប់ដណ្ដប់លើស្រុកចំនួន១៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។
ក្រសួងមហាផ្ទៃថៃ បាននិងកំពុងបង្កើនវិធានការឆ្លើយតបនឹងភ្លើងឆេះព្រៃដ៏អាក្រក់ និងវិបត្តិផ្សែងអ័ព្ទនៅភាគខាងជើងនៃប្រទេស ជាមួយការប្រកាសដាក់ខេត្តចំនួន៣ក្នុងភាពអាសន្ន ក្នុងគោលបំណងពន្លឿន និងសម្រួលការផ្ដល់ជំនួយ។ លេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ លោក Arsit Sampantharat បានឱ្យដឹងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា អភិបាលខេត្តនៅក្នុងខេត្ត Chiang Mai, Lamphun និងខេត្ត Phayao បានប្រកាសភាពអាសន្នរួចរាល់ហើយ បន្ទាប់ពីការវាយតម្លៃចុងក្រោយបំផុតអំពីភ្លើងឆេះព្រៃ ផ្សែងអ័ព្ទ និងកម្រិតភាគល្អិតនិចល PM2.5 នៅទូទាំងខេត្តនៃ ភាកខាងជើងប្រទេសចំនួន១៧។
ការប្រកាសអាសន្នបានគ្រប់ដណ្ដប់លើស្រុកចំនួន១៧។ នៅ Chiang Mai ការប្រកាសអាសន្នគ្របដណ្ដប់លើស្រុកចំនួន៧ ដែលរងផលប៉ះពាល់ពីភ្លើងឆេះព្រៃ ក្នុងនោះរួមមាន Hot, Samoeng, Doi Saket, Chiang Dao, Mae Wang, Mae Taeng និង Mae Rim។ ចំណែក នៅក្នុងខេត្ត Lamphun ការប្រកាសអាសន្នបានធ្វើឡើងលើស្រុក Li ដោយសារតែកម្រិតភាគល្អិតនិចល PM2.5 កើនឡើង។ ចំណែក នៅខេត្ត Phayao ការប្រកាសអាសន្នបានអនុវត្តលើស្រុកចំនួន៩ Mueang Phayao, Chun, Chiang Kham, Chiang Muan, Dok Khamtai, Pong, Mae Chai, Phu Sang និង Phu Kamyao។
តាមក្រសួងមហាផ្ទៃថៃ ការប្រកាសភាពអាសន្នខាងលើធ្វើឡើងក្នុងគោលបំណងសម្របសម្រួល និងបង្កើតសាមគ្គីភាពក្នុងការគ្រប់គ្រងវិបត្តិ និងអនុញ្ញាតឱ្យអភិបាលខេត្តនីមួយៗអាចប្រើប្រាស់កញ្ចប់ ថវិកាសម្រាប់គ្រាអាសន្នឆ្នាំ២០២៦ ព្រមទាំងកញ្ចប់ថវិកាពាក់ព័ន្ធ៕

You might also like