កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មបាញ់ប្រហារ នៅក្រុងខេមរភូមិន្ទ
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៣:៣៥ នៅចំនុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បង្ករឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនគរបាល បានប្រើប្រាស់អាវុធ AK (បាញ់៦គ្រាប់) ទៅលើជនរងគ្រោះ ចំនួន២នាក់ រួមមាន ១៖ ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ ២៖ ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរបួសធ្ងន់។ ក្រោយពីធ្វើសកម្មភាពរួច សង្ស័យបានរត់គេចខ្លួនបាត់តែម្តង។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើងដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។
លុះនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦និង១០នាទី ជនសង្ស័យខាងលើបានចូលសារភាពកំហុសនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ចម្លើយសារភាព កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៣និង៣៥នាទី ខ្លួនពិតជាបានធ្វើសកម្មភាពប្រើអាវុធម៉ាក AK បាញ់ទៅលើជនរងគ្រោះចំនួន០២នាក់ប្រាកដមែន មូលហេតុដោយសារតែក្រុមជនរងគ្រោះបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតបុ័ងតោដេញកាប់រូបខ្លួន ទើបខ្លួនដកអាវុតចេញពីក្នុងកែបម៉ូតូធ្វើសកម្មភាពខាងលើតែម្តង។
ជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្តកោះកុង កំពុងធ្វើការសាកសួរ និងកសាងសំណុំតាមនីតិវិធី៕






