ទើបចេញពីគុកពីបទគម្រាមថានឹងសម្លាប់,មិនរាងចាល ម្ដងទៀតគម្រាមថានឹងសម្លាប់មួយពូជ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទៀត
ខេត្តកណ្តាល៖ មន្ត្រីនគរបាលក្រុងអរិយក្សត្រឲ្យដឹងនៅរសៀលថ្ងៃទី០៥ខែមេសានេះថា សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យម្នាក់ ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ ករណីគម្រាមថានឹងសម្លាប់និងប្រើប្រាស់គ្រឿងញៀន ពេលបានចេញមកវិញមិនរាងចាល ហើយគ្រឿងញៀនក៏នៅតែប្រើប្រាស់ និងថែមទាំងគម្រាមថានឹងសម្លាប់មួយពូជថែមទៀតផង។ ករណីនេះកើតកាលពី ថ្ងៃទី០៣ ខែមេសាឆ្នាំ ២០២៦ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះគឺជាស្ត្រីឈ្មោះ សុខ សាវ៉ុន អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ។ ចំនែកជនសង្ស័យមានឈ្មោះ ឯម សំអូន ភេទ ប្រុស អាយុ៣៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ (វិជ្ជមានសារធាតុញៀន) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយ:ពេល១ឆ្នាំ ពីបទចោទគម្រាមកំហែងថានឹងសម្លាប់ និងមានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ ជាមួយជនរងគ្រោះដែរ។
វត្ថុតាងចាប់យក ÷កាំបិតផ្គាក់ផ្លែដែកដងឬស្សីចំនួន ០១ ពូថៅធ្វើពីដែកដងឈើចំនួន០១- កាំបិតចុងស្រួច តូចធំ ចំនួន០២ ។
ស្ត្រីរងគ្រោះប្រាប់សមត្ថកិច្ចថា ជនសង្ស័យគឺជាជន អនាថា មិនមានផ្ទះសម្បែងផ្ទាល់ខ្លួននោះទេ ដោយស្នាក់នៅក្នុងខ្ទមតូចមួយកន្លែងស្ថិតនៅក្នុងដីឡូតិ៍ម្ចាស់គេទុកចោលក្នុងភូមិ ហើយក៏ធ្លាប់សមត្ថកិច្ចប៉ុស្តិ៍យកទៅអប់រំណែនាំធ្វើកិច្ចសន្យាកន្លងមកដែលជនសង្ស័យយកដុំថ្មគប់ដំបូលផ្ទះអ្នកភូមិ ។
នៅវេលាថ្ងៃកើតហេតុ ស្រាប់តែជនសង្ស័យ កាន់ពូថៅមកឈរនៅមុខផ្ទះហើយស្រែកសួរ ស្ត្រីរងគ្រោះរកឈ្មោះ រៃ (ជាកូនស្ត្រីរងគ្រោះដែលធ្លាប់មានទំនាស់ពីមុន) ដោយឃើញសភាពមិនស្រួលជនរងគ្រោះក៏បានទាញទ្វារបងបិទចាក់សោរ ក៏ស្រាប់តែជនសង្ស័យយកពូថៅ ទៅអូសលើទ្វារបង ហើយថែមទាំងស្រែកគំរាម កំហែងមកលើជនរងគ្រោះថា ចាំមើលថ្ងៃនឹង ! អញនឹង សម្លាប់ចោលមួយពូជតែម្តង។ ថារួច ជនសង្ស័យក៏បានដើរចេញបាត់ទៅ។ ចំណែកស្ត្រីរងគ្រោះ ដោយមានការ ភ័យខ្លាច ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រឱ្យជួយអន្តរាគមន៍ ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏បានចេញអន្តរាគមន៏ឃាត់ខ្លួនជនសង្សយ រួមទាំងវត្ថុតាង មកកាន់ អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វ្វើសកម្មភាព ដូចពាក្យបណ្តឹងស្ត្រីរងគ្រោះពឹតប្រាកដមែន ។
ជនសង្ស័យ បានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់៕






