បញ្ជូនជនសង្ស័យ៣នាក់ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅសាលាដំបូងខេត្ត
បន្ទាយមានជ័យ៖ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយ មានជ័យ នៅថ្ងៃទី ០៥ មេសា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេកឃាត់ខ្លួន រួមទាំងវត្ថុតាងមួយចំនួន ។
លោកវរសេនីយ៍ទោ អុន កាថង អធិការនគរបាល ស្រុកស្វាយចេកយកបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី លោកបានចាត់តាំងលោកវរសេនីយ៍ត្រី ដា រតនៈ ឋានៈអធិការរងផែនប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ចំនួន០៣នាក់ល្បាតនៅចំណុចផ្លូវលំក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខាងត្បូងសាលាអនុវិទ្យាល័យកកោះ ចម្ងាយប្រហែល១០០ម៉ែត្រ ក៏បានឃើញមនុស្សប្រុស២នាក់ដោយមានការសង្ស័យកម្លាំងយើងក៏បានសួរនាំនិងត្រួតពិនិត្យ ។
១.ឈ្មោះ នួន ស៊ីនៀម ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ។
២.ឈ្មោះ សុខ ជា ភេទប្រុសអាយុ២៣ឆ្នាំនៅភូមិ ឃុំជាមួយគ្នា ។ជាមួយនឹងការឃាត់ខ្លួនសមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)ចំនួន៤ថង់តូច បំពង់កែវសម្រាប់ជក់១ដើមធ្វើតេស្តរកសារធាតុញៀនជនសង្ស័យខាងលើលទ្ធផលវិជ្ជមាន(+)ទាំង២នាក់។
លោកអធិការបន្តថា÷តាមចម្លើយសារភាពរបស់ឈ្មោះ សុខ ជា បានឆ្លើយថា ម្សៅក្រាមខាងលើ (ម៉ាទឹកកក) គឺខ្លួនទិញពីឈ្មោះ ហឿន ហន (ហៅចិត្ត) នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ក្នុងតំលៃ ៥០០០០ រៀល កម្លាំងយើងក៏បានបន្តទៅនាំខ្លួនឈ្មោះខាងលើនៅនិងផ្ទះតែម្តង ត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លា ៩ កូនថង់ សរុប១៣កូនថង់ ។ ជនសង្ស័យនិងវត្ថុតាងត្រូវបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី៕






