បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសចំនួន ៤៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ការបណ្តេញចេញនេះ គឺចាប់ពីថ្ងៃទី២-៣-៤ ខែមេសា ឆ្នាំ២០២៦។
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣២៧នាក់ (ស្រី១៥នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ។
ចំណែកនៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៣នាក់ (ស្រី០១នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសចេញពីកម្ពុជា គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

You might also like